(កំពង់ធំ)៖ លោក ឃួន សុវណ្ណ និងលោក ប៉ែន សូត្រ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោតដល់បងប្អូន ប្រជាពលរដ្ឋជាង៣០០នាក់ ក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។

លោក ឃួន សុវណ្ណ បានសំដែងភាពសប្បាយរីករាយជាទីបំផុត និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ក្រុមការងារចុះមូលដ្ឋាន ឃុំឈូក និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមកជួបជុំគ្នាថ្ងៃនេះ ដើម្បីគាំទ្រគោលនយោបាយ និងគោរពស្រឡាញ់ចំពោះគណបក្ស ប្រជាជនកម្ពុជា។

លោកបានបន្តថា «ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍរហូតដល់បច្ចុប្បន្ននេះ ក៏ដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយបញ្ញាញាណ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការរំដោះជាតិនាំយកនូវសន្តិភាពពេញ លេញជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ជាពិសេសសម្តេចមានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការគ្រប់គ្រងស្ថេរភាពនយោបាយការរីកចម្រើនលូតលាស់ នៃសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធិភាព»។

លោក ប៉ែន សូត្រ បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានជំហរច្បាស់លាស់សម្រេចចិត្តឲ្យបានត្រឹមត្រូវ ក្នុងការបោះឆ្នោតដើម្បីកំណត់នូវជោគវាសនារបស់ប្រទេសជាតិ ក៏ដូចជាកំណត់នូវជោគវាសនា របស់ខ្លួនឯងផងដែរ។ លោកបានគូសបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា មានតែគណបក្ស ប្រជាជនកម្ពុជាតែមួយគត់ដែលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៍គ្រប់វិស័យ។

លោក ប៉ែន សូត្រ បានអំពាវនាវសមាជិក និងប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា នូវលេខរៀងទី១៨ ដែលមានមាននិមិត្តសញ្ញា ទេវតាបាចផ្កាជាសម្គាល់៕