(ភ្នំពេញ)៖ លោក ទាវ វណ្ណុល មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងជាសមាជិកព្រឹទ្ធសភា បានបញ្ជាក់ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ សង្ឃឹមថា កម្ដៅនយោបាយនឹងចុះថយ នៅមុនការចុះឈ្មោះ បោះឆ្នោតខាងមុខ។ នេះគឺជារំពឹងទុករបស់គណបក្សប្រឆាំង ដែលតែងអះអាងកន្លងមកថា នយោបាយនៅកម្ពុជា នាពេលនេះកំពុងតែឡើងកំដៅ។ ឡើងកំដៅដោយសារតែ មានការចោទប្រកាន់ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងមានការចាប់ឃុំខ្លួនសកម្មជនគណបក្សសង្រ្គោះជាតិ ជាបន្តបន្ទាប់ផងដែរ។
លោក ទាវ វណ្ណុល មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានលើកឡើងបែបនេះ ខណៈដែលលោកធ្វើសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពី «ការវិវត្ដន៍ នៃស្ថានភាពនយោបាយ» ដល់អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។
ក្រៅពីការលើកឡើងខាងលើនេះ លោក ទាវ វណ្ណុល ក៏បានលើកឡើងពីនូវចំណុចមួយចំនួនទៀតដូចជា គណបក្សសង្គ្រោះជាតិ ផ្ដោតលើការបោះឆ្នោត, គណបក្សសង្គ្រោះជាតិ មានការព្រួយបារម្ភអំពីពលករចំណាកស្រុក បន្ថែមពីនោះ គណបក្សសង្គ្រោះជាតិ បានដាក់លិខិតទៅគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតហៅកាត់ថា គ.ជ.ប ស្នើជួយសម្រួលដល់ពលករចំណាកស្រុក ចុះឈ្មោះឲ្យបានច្រើនពិសេសនៅពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
ការលើកឡើងពីមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិនាពេលនេះ គឺធ្វើឡើងក្រោយពីមានការប្រកាសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសប្តឹងសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី មួយរូបឈ្មោះ ថាក់ ឡានី ដែលបានចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា ពាក្យបណ្តឹងនឹងធ្វើឡើងនៅពេលឆាប់ៗនេះ, ហើយសម្រាប់សមាជិកព្រឹទ្ធសភារូបនេះ មិនពិបាកនោះទេ សម្រាប់ការប្តឹង និងបោះឆ្នោតដកអភ័យឯកសិទ្ធិ, ដោយហេតុថា សមាជិកព្រឹទ្ធសភារបស់ គណបក្សប្រជាជនកម្ពុជា មានសម្លេងលើស២ភាគ៣។
ការប្រកាសប្តឹងរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ធ្វើឡើងបន្ទាប់ពីលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី បាននិយាយតាមរយៈវិដេអូឃ្លីបមួយដែលមានរយៈពេល ប្រមាណជិត២នាទីថា សម្តេចតេជោជាអ្នកសម្លាប់លោក កែម ឡី។ ការចោទប្រកាន់ទាំងងងឹតងងល់ពីសំណាក់ សមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី រូបនេះ គឺជាទង្វើលាបពណ៌ដល់ធ្ងន់ធ្ងរបំផុត ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
យ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ក៏ធ្លាប់បានអះអាងដែរថា កំដៅនយោបាយនៅកម្ពុជា គឺមិនបានឡើងកំដៅដូចការលើកឡើង របស់គណបក្សប្រឆាំងឡើយ គឺរាល់រឿងរ៉ាវដែលបានកើតឡើងគឺកើតចេញពីរឿងផ្ទាល់ខ្លួនរបស់អ្នកលនយោបាយ មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ ដូចនេះ តុលាការជានិច្ចជាកាល គឺអនុវត្តទៅតាមច្បាប់កំណត់តែប៉ុណ្ណោះ គ្មានជាប់ពាក់ព័ន្ធជាមួយ គណបក្សប្រជាជនកម្ពុជាឡើយ៕