(ភ្នំពេញ)៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាកិច្ចព្រមព្រៀងលើកលែងពន្ធអាករ ទៅវិញទៅមករវាងប្រទេសមួយ និងប្រទេសមួយទៀត លើផលិតផលដែលបានព្រមព្រៀងគ្នា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មិនត្រឹមតែជាការព្រមព្រៀងត្រឹមការលើកលែងពន្ធអាករ លើផលិតផលប៉ុណ្ណោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។
មកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីជាមួយប្រទេសចំនួន៣ និងពហុភាគីចំនួន១។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទាំង ៣រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង ដែលកិច្ចព្រមព្រៀងទាំងពីនេះបានចូលជាធរមាន និងកំពុងអនុវត្តន៍ប្រកបដោយផ្លែផ្កា។ ចំណែកកិច្ចព្រមព្រៀងមួយទៀត គឺកិកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលបានចុះហត្ថលេខារួចកាលពីខែមិថុនា ឆ្នាំ២០២៣ កំពុងរង់ចាំបញ្ចប់នីតិវិធីរបស់ភាគីនិមួយៗ ឈានទៅរកការចូលជាធរមាន ក្នុងពេលឆាប់ៗខាងមុខនេះ។
ដោយឡែកសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីវិញ គឺកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានសមាជិកចំនួន ១៥ប្រទេស។
សួរថា ហេតុអ្វីបានជារាជរដ្ឋាភិបាលខិតខំខ្លាំងម្ល៉េះ ក្នុងការចរចាបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសផ្សេងៗ នៅលើពិភពលោក? ចម្លើយ គឺគ្មានអ្វីក្រៅពីចង់ជំរុញការនាំចេញទំនិញ និងផលិតផលកសិកម្មរបស់កម្ពុជា ឱ្យកាន់តែធំ និងទាក់ទាញវិនិយោគពីបរទេស ឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីបង្កើតបានការងារ និងលើកកម្ពស់ជីវភាព ជូនប្រជាជនឱ្យកាន់តែធូរធារឡើងៗ ឈានទៅសម្រេចបានក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
បច្ចុប្បន្ននេះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ កំពុងហុចផលឱ្យកម្ពុជាបណ្តើរៗ ដែលយើងអាចមើលឃើញនឹងភ្នែកបាន តាមរយៈទិន្នន័យនៃការនាំចេញទៅកាន់ទីផ្សារនៃប្រទេសទាំងអស់នោះ។
* កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)
កិច្ចព្រមព្រៀង RCEP បានចូលជាធរមាន និងចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ កិច្ចព្រមព្រៀមនេះ មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូ ពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើមបង្កើតដំបូងនៅ ឆ្នាំ២០១២ នៅទីក្រុងភ្នំពេញ។
RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោក ដោយមានប្រជាជនប្រមាណ២ ២០០លាននាក់ ឬ ៣០ភាគរយ នៃប្រជាជនពិភពលោក និងមានទំហំពាណិជ្ជកម្ម ២៨ភាគរយនៃទំហំពាណិជ្ជកម្មពិភពលោក។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ពេញមួយឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសសមាជិក RCEP មានទឹកប្រាក់ ៦,៣៤៤លានដុល្លារ កើនឡើង៧%។ សម្រាប់រយៈពេល ៦ខែដើម ឆ្នាំ២០២៣នេះវិញ កម្ពុជានាំទំនិញមានទឹកប្រាក់ ៤០៧១លានដុល្លារអាមេរិក កើន២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ មានត្រឹមតែ ៣២៨១លានដុល្លារប៉ុណ្ណោះ។
* កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA)
កិច្ចព្រមព្រៀង CCFTA បានចូលជាធរមាន និងចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដំណាលគ្នានឹងកិច្ចព្រមព្រៀង RCEP ដែរ។
សម្រាប់កិច្ចព្រមព្រៀងនេះ កម្ពុជាអាចនាំផលិតផលជាង ៣៤០មុខ ហើយ៩៥ភាគរយនៃផលិតផលនេះនឹងចុះពន្ធដល់ ០ភាគរយ ហើយនៅសល់៥ភាគរយ គឺចុះក្នុងរយៈពេល១០ឆ្នាំ ឬអាចឆ្នាំបន្ទាប់ចុះទៅ០%។ កម្ពុជាបានកំណត់មុខទំនិញសក្ដានុពលទាំង ១០មុខនេះ មានដូចជា៖ ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច ដើម្បីទាញយកប្រយោជន៍កាន់តែច្រើន ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
រយៈពេល៦ខែ ឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅប្រទេសចិន មានទឹកប្រាក់៧១៣លានដុល្លារ កើនឡើង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២មានតែ ៦១២លានដុល្លារប៉ុណ្ណោះ។
* កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA)
កិច្ចព្រមព្រៀង CKFTA បានចូលជាធរមាន និងចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើន នៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ រាជរដ្ឋាភិបាលរំពឹងថាកិច្ចព្រមព្រៀងនេះ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់កូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។
រយៈពេល៦ខែ ឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជា ទៅប្រទេសប្រទេសកូរ៉េខាងត្បូង មានទឹកប្រាក់ ១៤៣លានដុល្លារ កើនឡើង២៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២មានតែ ១១១លានដុល្លារប៉ុណ្ណោះ។
* កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA)
កិច្ចព្រមព្រៀង CEPA បានត្រូវចុះហត្ថលេខា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ ប៉ុន្តែពេលកិច្ចព្រមព្រៀងនេះ មិនទាន់ចូលជាធរមាន ដើម្បីអនុវត្តន៍នៅឡើយទេ ដោយត្រូវរង់ចាំបញ្ចប់នីតិវិធីផ្ទៃក្នុង របស់ប្រទេសនីមួយៗសិន។
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាមានលទ្ធភាព ក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញ ទៅកាន់ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដទៃទៀត ក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង ដែលជាតំបន់ស្ថិតនៅក្បែរនោះ។ ទំនិញកសិកម្ម និងឧស្សាហកម្មសក្តានុពល សម្រាប់នាំចេញទៅអេមីរ៉ាតអារ៉ាប់រួម មានដូចជា អង្ករ ដំឡូង ពោត ផ្លែឈើ សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងទោចក្រយានជាដើម។ រីឯវិស័យសំខាន់ៗ ដែលបានចរចាបើកច្រកទីផ្សារ មានដូចជា៖ សេវាដឹកជញ្ជូន អប់រំ ទេសចរណ៍ ធុរកិច្ច ទំនាក់ទំនង ការចែកចាយ និងសុខាភិបាល។ល។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានផែនការ បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗបន្ថែមទៀត ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួន មានជាអាទិ៍ ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុប អាស៊ី ឥណ្ឌា រុស្ស៊ី ជប៉ុន ម៉ុងហ្គោលី ជាដើម៕