(ភ្នំពេញ)៖ គណបក្សខ្មែរតែមួយ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ និងសមាជិក សមាជិការគណបក្សខ្មែរតែមួយ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ។
គណបក្សនេះបានលើកឡើងថា ការអញ្ជើញទៅចូលរួមបោះឆ្នោត និងគូសសញ្ញាត្រឹមត្រូវរបស់ពុកម៉ែ ពូមីង បងប្អូនប្រជាពលរដ្ឋខ្មែរ គឺជាការបំពេញកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋល្អ ប្រកបដោយឧត្តមគតិ ដើម្បីខ្លួនឯង គ្រួសារយើង និងសង្គមជាតិយើង។ ការអញ្ជើញទៅចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ គឺជាការចូលរួមបង្កើត លទ្ធិប្រជាធិបតេយ្យបែបខ្មែរនិយមជំនាន់ថ្មី ដើម្បីជ្រើសរើសមេដឹកនាំប្រទេសកម្ពុជាថ្មី ដោយធានាបាន នូវសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត។
គណបក្សខ្មែរតែមួយ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ កុំជឿការ ឃោសនាញុះញង់តាមបណ្តាញសង្គម ដោយផ្ទាល់ពីក្រុមណាមួយ ឬបុគ្គលណាមួយ ដែលកំពុង ព្យាយាមឃោសនាបំពុលសង្គម ធ្វើឱ្យបែកបាក់សង្គមជាតិ និងបាត់បង់សីលធម៌សង្គម៕