(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានមានប្រសាសន៍ថា ចាប់ពីដើមខែសីហា ឆ្នាំ២០២៣ខាងមុខ​នេះ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ដល់ស្ត្រីដែលជាមន្រ្តីរាជការ មន្រ្តីកិច្ចសន្យា មន្រ្តីកម្មសិក្សា កម្មករនិយោជិត ដែលជាសមាជិក ប.ស.ស. និងស្រ្តីមកពីគ្រួសារក្រីក ក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល រហូតដល់កូនមានអារយុ២ឆ្នាំ ​ចំនួនប្រមាណ ១ ៥២០ ០០០ រៀលរហូតដល់ ២ ៧២០ ០០០រៀល ដោយនឹងគិតតាមចំនួនកូន និងលក្ខខណ្ឌពាក់ចាំបាច់មួយចំនួនទៀត ដើម្បីបន្តគាំពារស្រ្តីមានផ្ទៃពោះ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍមូលធនមនុស្សបន្ថែមទៀតស្របតាមគោលនយោបាយជាតិគាំពារសង្គម។

លោកបន្ថែមថា ការតម្លើងកម្រិតប្រាក់ឧបត្ថម្ភនេះ បន្ទាប់ពីររាជរដ្ឋាភិបាលបានប្រកាសពង្រីកកិច្ចគាំពារសង្គមបន្ថែមដល់ស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ មកពីផ្នែកពាក់ព័ន្ធ ក្នុងគោលបំណងលើកកម្ពស់សុខុមាភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់ពីក្នុងផ្ទៃ រហូតអាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ក្នុងរយៈពេល ១០០០ថ្ងៃ ដំបូងនៃជីវិត។

​លោកបណ្ឌិត បានមាន​បន្តថា រាជរដ្ឋាភិបាលតែងតែគិតគូរជាប់ជានិច្ច លើការអភិវឌ្ឍមូលធនមនុស្ស ស្របតាមគោលនយោបាយជាតិគាំពារសង្គម និងផែនការអវិវឌ្ឍជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់ អគ្គមគ្គុទេសក៍ឯក សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា តាមរយៈការដាក់ឱ្យអនុវត្តកម្មវិធី ឬរបបនានា ដើម្បីគាំពារដល់ពលរដ្ឋកម្ពុជា ជាពិសេសស្រ្តីមានផ្ទៃពោះ ដែលរួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន និងការផ្តល់ប្រាក់ឧបត្ថម្ភមាតុភាពជូនមន្រ្តីរាជការជាស្រ្តីសម្រាលកូនជាដើម។

​លោកបណ្ឌិតបានពន្យល់ពីនីតិវិធីនៃការបើកផ្តល់ថា ការបើផ្តល់ចែកចេញជា៣ ដំណាក់កាល ដោយ ដំណាក់កាលទី១ ជាដំណាក់កាលមកពិនិត្យផ្ទៃពោះមុនសម្រាល ៤លើក, ដំណាក់កាលទី២ ពេលសម្រាល និង ដំណាក់កាលទី៣ ជាដំណាក់កាលយកកូនមកពិនិត្យសុខភាព និងទទួលវ៉ាក់សាំងបង្ការបន្ទាប់ សរុបចំនួន១០ដង ដោយគោរពតាមលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣​ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ​ ដើម្បីចូលរួមលើកកម្ពស់សុខមាភាពមាតា និងកុមារតូច ព្រមទាំងដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ។ ​

ការដំឡើងកម្រិត និងផ្តល់ការឧបត្ថម្ភបន្ថែម ជូនស្រ្តីនៃគ្រួសារមានបណ្ណសមធម៌, កម្មករនិយោជិតជាស្រ្តី ដែលជាសមាជិក ប.ស.ស និងមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ, ពេលសម្រាល និងក្រោយពេលសម្រាល រហូតដល់កូនអាយុ២ឆ្នាំ កាន់តែសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្រ្តីមានផ្ទៃពោះ និងកុមារតូច ស្របតាមអាទិភាពដែលកំណត់យក «មនុស្ស» ជាចម្បង និងគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់»ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ដើម្បីលើកទឹកចិត្តស្ត្រីមានផ្ទៃពោះឱ្យមកទទួលសេវាពិនិត្យផ្ទៃពោះឱ្យបានសមស្របតាមនិយាមសុខាភិបាល ដែលអាចជួយកាត់បន្ថយអត្រាមរណៈមាតា និងទារក និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីរបស់កុមារតាំងពីវ័យតូច ដែលជាមូលដ្ឋានគ្រឹះ ក្នុងការក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់បន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់, សមធម៌, និងបរិយាបន្ន នាពេលអនាគត៕