(ភ្នំពេញ)៖ អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) និងទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) នឹងសហការគ្នាជាមួយភាគីកម្ពុជា ប្ដេជ្ញានាំយកកម្ពុជាឆ្ពោះទៅកាន់បច្ចេកវិទ្យា និងនវានុវត្តន៍ចុងក្រោយបង្អស់ តាមរយៈកិច្ចសហការធ្វើឲ្យប្រសើរឡើង ក្នុងវិស័យកសិកម្ម រួមទាំងវិស័យផ្សេងៗជាច្រើនទៀត ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ។

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ខាងមុខ អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន និងទីភ្នាក់ងាររុករកអវកាសជប៉ុន នឹងណែនាំក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនចំនួន៨ មានសមត្ថភាព និងមុខងារធ្វើឱ្យប្រសើរឡើង វិស័យកសិកម្ម ការរកឃើញ និងតាមដានការបំភាយឧស្ម័ន ការកាត់បន្ថយការបំភាយឧស្ម័ន និងការអភិរក្សព្រៃឈើ មកចែករំលែកព្រមទាំងណែនាំអំពីសេវាកម្ម សម្រាប់ចលនាឆ្ពោះទៅរកភាពបៃតង ដោយប្រើបច្ចេកវិទ្យាចុងក្រោយបំផុត ទៅដល់រដ្ឋាភិបាលកម្ពុជា អង្គការនានា និងតំណាងក្រុមហ៊ុនឯកជននៅកម្ពុជាផងដែរ។

ជាមួយគ្នានេះកម្មវិធីនេះនឹងផ្តល់ឱ្យអ្នកចូលរួមនូវភាពជាដៃគូ និងឱកាសក្នុងការបង្កើតបណ្តាញរវាងក្រុមហ៊ុនកម្ពុជា-ជប៉ុន ដែលស្ថិតក្នុងវិស័យមួយចំនួនរួមមាន សាជីវកម្ម កសិកម្ម បៃតង បច្ចេកវិទ្យា សហករណ៍កសិកម្ម ធនាគារ និងមីក្រូហិរញ្ញវត្ថុ ធានារ៉ាប់រងកសិកម្ម កម្មន្តសាលជាដើម ចំពោះតំណាងក្រុមហ៊ុនបចេ្ចកវិទ្យាជប៉ុនទាំង៨ រួមមាន AGRIBUDDY LIMITED, ASUZETO SINGAPORE PTE LTD/ASUENE INC (JAPAN), GREEN CARBON INC, NIPPON KOEI CO., LTD, SAGRI CO., LTD, SYNSPECTIVE INC, TENCHIJIN INC, and YANMAR AGRIBUSINESS CO., LTD។

ដើម្បីជាការអបអរនាឱកាសនៃការរំលឹកខួបចំណងមិត្តភាពទាំងអាស៊ាន-ជប៉ុន និងកម្ពុជា-ជប៉ុន រដ្ឋាភិបាលជប៉ុនបាននឹងកំពុងជំរុញឱ្យមាន ទស្សនៈវិស័យនៃការសហការបង្កើតសេដ្ឋកិច្ចរួមគ្នា (ASEAN-Japan/Cambodia-Japan Economic Co-Creation Vision) ក្នុងគោលបំណងរឹតចំណងមិត្តភាព៥០ឆ្នាំ និង ៧០ឆ្នាំបន្ដទៅមុខទៀតជាមួយប្រទេសជាដៃគូរ។

ក្នុងនោះភាគីជប៉ុននឹងបន្ដស្វែងរកឱកាសផ្សេងៗបន្ថែមទៀត ដែលកម្ពុជា-ជប៉ុន អាចសហការបង្កើតរួមគ្នា ពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ ដូចដែលគ្រោងនឹងចែករំលែកនាពេលខាងមុខនេះ៕