(ក្រចេះ)៖ គណៈកម្មការរៀបចំការឆ្នោះឆ្នោតខេត្តក្រចេះ កំពុងធ្វើការដឹកជញ្ជូនសម្ភារៈ និងឯកសារបោះឆ្នោត ទៅតាមគណៈកម្មការឃុំ សង្កាត់ទាំង ៤៨ នៅក្នុងខេត្តក្រចេះ ដើម្បីធ្វើការបែងចែកបន្តទៅតាមការិយាល័យបោះឆ្នោតនីមួយៗ។

លោក អ៉ីវ សុផានី ប្រធានគណៈកម្មការរៀបចំការឆ្នោះឆ្នោតខេត្តក្រចេះ បានឲ្យដឹង នៅថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២៣នេះថា បន្ទាប់ពីបានទទួលសម្ភាររសំខាន់ៗពីនាយកដ្ឋានជំនាញនៃ គ.ជ.ប លេខាធិការដ្ឋាន គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត បានរៀបចំបែងចែកបន្តជូនដល់គណៈ កម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតទាំង៤៨ ដើម្បីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ធ្វើការបែងចែកបន្តដល់គណៈកម្មការការិយាល័យបោះឆ្នោត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីឱ្យដំណើរការនៃការដឹកជញ្ជូនសម្ភារ ឯកសារទាំងនេះ ធានាបាននូវសុវត្ថិភាព ។

លោកថា ការដឹកជញ្ជូនសម្ភារៈឯកសារបោះឆ្នោតនេះ គឺមានកម្លាំងសមត្ថកិច្ចការពារ នៅក្នុងដំណើរកាដឹកជញ្ជូនសម្ភារ ឯកសារបោះឆ្នោតសំខាន់ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ ដោយឡែក ការិយាល័យកូនវា ស្ថិតនៅឃុំ ស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ត្រូវដឹកសម្ភារៈតាមយន្ដហោះ នៅថ្ងៃទី២១ ស្អែកនេះ។

គួរបញ្ជាក់ថា សម្រាប់ការិយាល័យបោះ ឆ្នោតនៅក្នុងខេត្តក្រចេះ មានចំនួន ៥៩៥ ការិយាល័យ និងមានគណបក្សនយោបាយ ដែលបានទទួលស្គាល់ជាផ្លូវការចំនួន ១១ គណបក្ស ក្នុងនោះមាន

១៖ គណបក្សខ្មែរតែមួយ
២៖ គណបក្សសញ្ជាតិកម្ពុជា
៣៖ គណបក្សខ្មែររួបរួមជាតិ
៤៖ គណបក្សកម្លាំងប្រជាធិបតេយ្យ
៥៖ គណបក្សកសិករ
៦៖ គណបក្សខ្មែរឈប់ក្រ
៧៖ គណបក្សហ្វ៊ិនស៊ិនប៉ិច
៨៖ គណបក្សធម្មាធិបតេយ្យ
៩៖ គណបក្សយុវជនកម្ពុជា
១០៖ គណបក្សជនជាតិដើម្បីប្រជាធិបតេយ្យកម្ពុជា
១១៖ គណបក្សប្រជាជនកម្ពុជា៕