(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយអ្នកបើកបរថយន្តក្រុង ដែលនឹងត្រូវបំពេញភារកិច្ចដឹកជញ្ជូនបងប្អូននិយោជិត និងប្រជាពលរដ្ឋទៅស្រុកកំណើត នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបង្កើនការយកចិត្តទុកដាក់ និងធានាបានសុខសុវត្ថិភាព និងផាសុកភាពជូនបងប្អូនអ្នកធ្វើដំណើរ។
សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញសេចក្តីជូនដំណឹងលេខ ០៦៧/២៣ សជណ.ផ ស្តីពីការរៀបចំរថយន្តក្រុងចំនួន ៤៣០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទៅស្រុកកំណើត នៅក្នុងឱកាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ក៏ដូចជាការបន្តផ្តល់ជូនសេវាដឹកជញ្ជូនសាធារណៈប្រចាំថ្ងៃ ជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញផងដែរ។ ការផ្តល់ជូនសេវាដឹកជញ្ជូននេះ ឈរលើគោលការណ៍មិនបង់ប្រាក់ និងមិនប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។
ក្រៅពីរថយន្តក្រុងចំនួន ៨០គ្រឿង សម្រាប់ធានានិរន្តរភាព នៃការដឹកជញ្ជូននៅក្នុងទីក្រុង រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៣៥០គ្រឿង សម្រាប់ការធ្វើដំណើរទៅកាន់បណ្តាខេត្ត ដែលគ្រោងចេញ ដំណើរនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅតាមទីតាំងចាប់ផ្តើមចំនួន១០ នៅទូទាំងរាជធានីភ្នំពេញ ចំណែករថយន្តក្រុងដែលដឹកជញ្ជូនត្រឡប់មកវិញគ្រោងចេញដំណើរនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅតាមទីតាំងខេត្តនានា។
នៅក្នុងឱកាសនោះ ក្រៅពីការផ្តាំផ្ញើឱ្យយកចិត្តទុកដាក់លើការងារសុខសុវត្ថិភាព និងផាសុកភាពរបស់បងប្អូនអ្នកដំណើរហើយ លោកអភិបាលរងរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនអ្នកបើកបរ ឱ្យប្រកាន់ខ្ជាប់នូវច្បាប់ ចរាចរណ៍ ក្រមសីលធម៌ក្នុងការបើកបរ និងការផ្តល់សេវា ជាពិសេសបន្ទាប់ពីអនុវត្តការងារទៅតាមកាលវិភាគភារកិច្ចដែលបានប្រគល់ជូនរួច សូមអញ្ជើញចូលរួមអនុវត្តសិទ្ធិក្នុងការបោះឆ្នោតរបស់ខ្លួនទាំងអស់គ្នា ឱ្យបានទាន់ពេលវេលា៕