(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅតំបន់កូនភ្នំ ក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។
ក្នុងជំនួបនោះ លោកអភិបាលខេត្ត បានប្រាប់ដំណឹងដ៏សែនសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋដែល «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចចេញបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ» រស់នៅតំបន់កូនភ្នំចំនួន៦៣៦គ្រួសារ ដែលបានរស់នៅ និងអាស្រ័យផលជាក់ស្តែងលើដីនេះអស់រយៈពេល២៦ឆ្នាំមកហើយ។
លោក គីម រិទ្ធី បានថ្លែងនូវការចូលរួមអបអរសាទរសប្បាយរីករាយជាមួយប្រជាពលរដ្ឋទាំង៦៣៦គ្រួសារ ដែលទទួលបាននូវការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រេចចេញប្លង់កម្មសិទ្ធដីធ្លីជូនដល់បងប្អូននាពេលនេះ។
លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តាចុះកំណត់ និងដាក់ព្រំឲ្យបានច្បាស់លាស់ និងសហការជាមួយក្រុមការងារដើម្បីងាយស្រួលក្នុងការចុះវាស់វែង។ បន្ថែមពីនេះត្រូវចេះយោគយល់អធ្យាស្រ័យរវាងគ្នា ដែលមានព្រំដីជាប់គ្នា ដើម្បីកុំឲ្យមានបញ្ហាក្នុងការវាស់វែង ពោលព្រំដីមានបញ្ហា គឺក្រុមការងារមិនអាចវាស់វែងជូនបាននោះទេ និងសូមទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឲ្យបានគ្រប់ៗគ្នា។
លោកស្រី ញឹក សុធា តំណាងប្រជាពលរដ្ឋរស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ តំណាងប្រជាពលរដ្ឋចំនួន៦៣៦គ្រួសារ បានថ្លែងដោយក្តីរំភើបរីករាយ អរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលខេត្តព្រះវិហារ គីម រិទ្ធី ដែលបានជួយដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋ។ ពិសេសសូមអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាព ដែលសម្តេចខិតខំរិះរកគ្រប់វិធីដោះស្រាយទំនាស់គ្រប់ទីកន្លែងជូនប្រជាពលរដ្ឋ។
តំណាងឲ្យប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ និងទូទាំងប្រទេសកម្ពុជា សូមគាំទ្រពេញទំហឹងឲ្យសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសបន្តទៀត ហើយប្តេជ្ញាថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ នឹងទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨៕