(កណ្ដាល)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ អនុប្រធានក្រុមការងារចុះជួយខេត្តកណ្តាល និងជាប្រធាកនគណៈចលនាសាសនិកឥស្លាមកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញ​សំណេះសំណាល ឃោសនារកសំឡេងឆ្នោត និង​បង្រៀនអំពីរបៀបគូសសន្លឹកឆ្នោត​ឱ្យ​បាន​ត្រឹម​ត្រូវដល់​​ប្រជាពលរដ្ឋ៣៥០នាក់ ដែលមកពីបណ្តាសហគមន៍ខ្មែរឥស្លាមទូទាំងខេត្តកណ្តាល នៅវិហារភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

នាឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានអំពាវនាវដល់សកម្មជនគណៈចលនា នៅទូទាំងខេត្តកណ្តាល ដែលបានមកជួបជុំគ្នានាពេលនេះ សូមត្រៀមឯកសារទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា​ និងអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយគូសឲ្យចំលេខ១៨ ឲ្យបានត្រឹមត្រូវ​ ដើម្បីបន្តដណ្តើមជ័យជំនះជូនគណបក្សប្រជាជនកម្ពុជាឱ្យបានកាន់តែច្រើន ខណៈកន្លងមកសាសនិកឥស្លាមនៅតំបន់នេះ តែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើន និងផុសផល។

លោកបណ្ឌិតបានបន្តថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ហើយក៏ជាការបោះឆ្នោតគាំទ្របេក្ខភាព លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគត។

ជាមួយគ្នានេះ លោកបានផ្តាំផ្ញើទៅដល់សកម្មជនគណៈចលនាសាសនិកឥស្លាមទាំងអស់ សូមបន្តខិតខំប្រឹងប្រែងការងាររបស់ខ្លួន ដើម្បីដណ្តើមនូវជ័យជំនះជូនគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត ព្រមទាំងបំពេញកាតព្វកិច្ច ជាសកម្មជនរបស់គណបក្សដ៏មានសារៈសំខាន់ ក្នុងការនាំមកនូវសមិទ្ធផលផ្សេងៗ ជូនសង្គមជាតិទាំងមូល។

លោក អូស្មាន ហាស្សាន់ ក៏បានណែនាំឱ្យថ្នាក់ដឹកនាំឥស្លាម នៅតាមបណ្តាវិហារម៉ាសិ្ជតចំនួនទាំង៦០០នៅទូទាំងប្រទេស បន្តផ្សព្វផ្សាយ សេចក្តីអំពាវនាវរបស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមដែលបានប្រកាសកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដល់សាសនិកឥស្លាមទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ៕