(ព្រៃវែង)៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកស្រី កែ សួនសុភី បានដឹកនាំរត់ម៉ារ៉ាតុង ក្រោមប្រធានបទ «តោះយើងនាំគ្នាទៅបោះឆ្នោត» នៅសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ខេត្តព្រៃវែង។

ពិធីនេះមានចូលរួមពីកីឡាករ កីឡាការិនី មន្ត្រីរាជការ កងកម្លាំង ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង ប្រជាពលរដ្ឋ យុវជន យុវនារី សិស្ស និស្សិត សរុបប្រមាណ ១៣៥៧នាក់។

លោក ស សុខា បានអំពាវនាវយុវជន យុវនារី សិស្ស និស្សិតទាំងអស់ គប្បីនាំគ្នាលេងកីឡា ដើម្បីសុខភាព សាមគ្គីភាព និងចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងរួមចំណែកដល់យុទ្ធនាការជាតិស្តីពី «ប្រជាជនម្នាក់ ត្រូវលេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត។ កីឡារស់ក្នុងសន្តិភាព»។

យុន្ធនាការនេះធ្វើឡើង ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើន ជាពិសេសដើម្បីពង្រឹងស្មារតីយុវជន ក្នុងខេត្តព្រៃវែង ឲ្យងាកមកស្រលាញ់ និងគាំទ្រវិស័យកីឡា។

បន្ថែមលើសពីនេះលោក ស សុខា បានគូសបញ្ជាក់ថា ការរៀបចំកម្មវិធីរត់ម៉ារ៉ាតុន ក្រោមប្រធានបទ «តោះយើងនាំគ្នាទៅបោះឆ្នោត» នេះធ្វើឡើង ដើម្បីអបអរសាទរពិធីបិទការប្រកួតកីឡាពានរង្វាន់ ស.ស.យ.ក ខេត្តព្រៃវែង ឆ្នាំ២០២៣ និងជាពិសេសទៅទៀត ដើម្បីអបអរសាទរដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដែលជាព្រឹត្តិកាណ៍ដ៏មានសារៈសំខាន់ ៥ឆ្នាំមានម្តង ក្នុងការកំណត់នូវជោគវាសនារបស់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល៕