(ភ្នំពេញ)៖ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកក្កដា បានទទួលសៀវភៅថ្មីចំនួន ១០០ច្បាប់ ដែលមានចំណងជើងថា «មរតកស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកដំបូងនៅកម្ពុជា ក្នុងសម័យតេជោ»

ថ្លែងនៅក្នុងពិធីទទួលសៀវភៅនោះ លោក ខៀវ កាញ្ញារីទ្ធ បានបញ្ជាក់ នេះជាកម្រងឯកសារដ៏មានសារសំខាន់ពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តកីឡានៅកម្ពុជា និងក្នុងតំបន់ ហើយលោកកោតសរសើរអ្នកនិពន្ធ ដែលមានគំនិតចងក្រងព្រឹត្តិការណ៍នេះទុកសម្រាប់អនុជន។

លោក ឆាយ សុផល អ្នកចងក្រងសៀវភៅ បាននិយាយថា សៀវភៅនេះនឹងត្រូវដាក់សម្ពោធជាផ្លូវការនៅសៀលថ្ងៃសុក្រ ទី២១ ខែកក្កដា ប៉ុន្តែលោកបានប្រគល់ជូនក្រសួងព័ត៌មានមុនគេនៅថ្ងៃនេះ។

សៀវភៅដែលមានទំហំ A4 កម្រាស់ជិត៦០០ទំព័របានរម្លឹកពីសាវតារនៃកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមតាំងពីដំបូងទី ព្រមទាំងពីប្រវត្តិនៃរៀបចំកីឡាខ្នាតតំបន់នៅកម្ពុជា ពីមូលហេតុដែលកម្ពុជាខកខានមិនបានចូលរួម និងមិនបានរៀបចំអស់ប្រមាណ៦៤ឆ្នាំ រហូតកម្ពុជាបានធ្វើឱ្យប្រទេសនៅក្នុងតំបន់ ក៏ដូចជាពិពភលោកមានការស្ញប់ស្ញែង នឹកស្មានមិនដល់។

លោក ឆាយ សុផល បានរម្លឹកថា ដូចប្រសាសន៍របស់ សម្តេចតេជោ លើកឡើងហើយថា «ប្រទេសកម្ពុជាតូច តែបេះដូងធំ ហើយលុយយើងអាចចាយអស់ តែកិត្តិយស និងកេរ្តិ៍ឈ្មោះ យើងចាយមិនអស់ទេ ដោយបន្សល់ទុកឱ្យកូនចៅយើងជំនាន់ក្រោយៗ»

លោក ឆាយ សុផល បន្តថា ដូចយើងទាំងអស់គ្នាបានដឹងហើយថា ការដែលកម្ពុជាអាចរៀបចំព្រឹត្តិការណ៍ដ៏អសាច្ចារ្យទាំងពីរនេះបាន គឺដោយសារតែកម្ពុជាមានសន្តិភាពពេញលេញ អាចរក្សាបានសុខសុវត្ថិភាពជូនអត្តពលិក និងភ្ញៀវបរទេស ព្រមទាំងមានហេដ្ឋាចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់បម្រើការប្រកួតកីឡាខ្នាតអន្តរជាតិ ដោយមិនចាញ់បណ្តាប្រទេសនៅជុំវិញពិភពលោកនោះទេ ហើយល្អលើប្រទេសជាច្រើនទៀតផង។

លោក ឆាយ សុផល បានរម្លឹកប្រសាសន៍របស់ សម្តេចតេជោ ទៀតថា កីឡារស់ក្នុងសន្តិភាព ហើយសន្តិភាពសម្រាប់ទាំងអស់គ្នា ហើយថា រាជរដ្ឋាភិបាលដែលដឹកនាំរបស់សម្តេចតេជោ ក៏ដូចជាមន្រ្តីជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា អាចថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍឱ្យកាន់តែខ្លាំង ដោយគ្មានសញ្ញាថមថយឡើយ៕