(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមផ្សព្វផ្សាយរបាយការណ៍ស្តីពីគម្រោងសាងសង់ ថែទាំ និងជួសជុលស្ពានថ្នល់នៅទូទាំងរាជធានី-ខេត្ត ជាសាធារណៈ ដើម្បីបញ្ចប់មន្ទិលសង្ស័យ របស់ប្រជាពលរដ្ឋជុំវិញ គម្រោងសាងសង់ថែទាំ និងជួសជុលស្ពានថ្នល់នៅកម្ពុជា។
ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថាការដាក់បង្ហាញរបាយការណ៍នេះ នឹងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងយល់ និងតាមដានកិច្ចការសាធារណការ ទាក់ទងទៅនឹងគម្រោងសាងសង់ ជួសជុលផ្លូវថ្នល់នានា។ របាយការណ៍នេះ បានបញ្ជូលព័ត៌មានលម្អិតមួយចំនួនទាក់ទងនឹងកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់គម្រោង វឌ្ឍនភាព នៃគម្រោងសាងសង់ និងជួសជុល ក៏ដូចជាសមត្ថកិច្ចរបស់ស្ថាប័ន ទទួលបន្ទុកអនុវត្តគម្រោងផងដែរ។
ក្រសួងនឹងធ្វើបច្ចុប្បន្នភាព ទៅលើស្ថានភាពគម្រោងសាងសង់ និងថែទាំជួសជុលស្ពានថ្នល់នេះជារៀងរាល់ខែ ជូនប្រជាពលរដ្ឋ ចាប់ពីចុងខែកក្កដា នេះតទៅ។ ប្រជាពលរដ្ឋអាច ទាញយករបាយការណ៍ទាំងនេះ ដោយគ្រាន់តែចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/mpwt.gov.kh របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ហើយចុចចូលមើល ឬទាញយករបាយការណ៍ក៏បាន៕