(កំពង់ធំ)៖ លោកបណ្ឌិត ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈ កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្ស

ប្រជាជនកម្ពុជាខេត្តកំពង់ធំនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះជួបសំណេះសំណាល ជាមួយអាជីករលក់ដូរនៅផ្សារស្ទឹងសែន ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងបានអំពាវនាវឲ្យប្រជាជន និងអាជីវករទាំងអស់ឲ្យបន្តគាំទ្រ ព្រមទាំងត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ឲ្យបានគ្រប់ៗគ្នា។

លោកបណ្ឌិត ជា ចាន់តូ បានអញ្ជើញចុះជួបសំណេះសំណាល និងបានជួបប្រាស្រ័យ យ៉ាងជិតស្និទ្ធជាមួយបងប្អូនអាជីវករ ក្នុងនោះបងប្អូនអាជីវករបានបង្ហាញការស្វាគមន៍ ជាមួយនឹងវត្តមានរបស់បណ្ឌិត ជា ចាន់តូ ដោយស្នាមញញឹម និងបានប្តេជ្ញាចិត្តថា នឹងទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្តេចតេជោ បានបន្តដឹកនាំប្រទេសកម្ពុជា និងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៅទៀតសម្រាប់ជាតិ។

លោកបណ្ឌិត ជា ចាន់តូ ក៏បានអំពាវនាវឲ្យបងប្អូនអាជីវករក្នុងផ្សារស្ទឹងសែន ក៏ដូចប្រជាជនទាំងអស់ ក្នុងខេត្តកំពង់ធំ ត្រូវត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ជាមុន សម្រាប់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាប្រជាជនល្អ និងជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ។

លោកបណ្ឌិត ជា ចាន់តូ ក៏បានបញ្ជាក់ទៅកាន់បងប្អូនអាជីវករថា ការទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍមាតុភូមិឲ្យកាន់តែសម្បូររុងរឿង ក្នុងនោះបណ្ឌិតបានអំពាវនាវឲ្យបងប្អូនជីវករឲ្យគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគតផងដែរ៕