(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ បានជួបសំណេះសំណាល ជាមួយសមាជិកសមាជិកាគណបក្សប្រជាជន ប្រចាំសាខាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។

នៅក្នុងពិធីសំណេះសំណាល, បណ្ឌិត ចន ណារិទ្ធ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក សមាជិកាទាំងអស់ ដែលបានសម្រេចចិត្តចូលរួម និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នារក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍ។

ថ្លែងទៅកាន់សមាជិកសមាជិកា, បណ្ឌិត ចន ណារិទ្ធ ក៏បានបញ្ជាក់ឡើងវិញថា គណបក្សប្រជាជនតែងតែឈរជាមួយប្រជាជនគ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជា មួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អាព្យាក្រឹត និងវឌ្ឍនភាពសង្គម និងរក្សាបាននូវបុព្វហេតុដ៏ត្រឹមត្រូវរបស់ខ្លួនជានិច្ច ដោយបានទប់ស្កាត់ មិនឲ្យរបបប្រល័យពូជសាសន៍ អាចវិលត្រឡប់មកវិញ,ការពារនូវការរស់ឡើងវិញរបស់ប្រជាជាតិ, បាននាំមកជូនប្រជាជនវិញនូវសិទ្ធិ សេរីភាព លទ្ធិប្រជាធិបតេយ្យ កិត្តិយស និងសេចក្តីថ្លៃថ្នូរដែលត្រូវបាត់បង់ទាំងស្រុង ក្នុងរបបប៉ុលពត, បានស្តារ និងកសាងវិស័យសេដ្ឋកិច្ច សង្គមកិច្ចឲ្យមានការប្រែប្រួល និងរីកចម្រើនជាបន្តបន្ទាប់ និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនមានស្ថិរភាពជាជំហានៗ។
បណ្ឌិត ចន ណារិទ្ធ បានលើកឡើងថា ក្នុងនាមជាសមាជិកដែលមានគុណភាពរបស់គណបក្ស យើងត្រូវទៅបោះឆ្នោតទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនដែលមានលេខរៀងទី១៨ នៅខាងស្ដាំដៃ ក្រោមគេនៃសន្លឹកឆ្នោត ដើម្បីបង្ហាញពីការសាមគ្គីគ្នា និងរួមគ្នាជាធ្លុងមួយ ក្នុងការកសាង ការពារ និងរកក្សាសុខសន្តិភាព ឲ្យនៅគង់វង្សជាអមត។

បណ្ឌិត ចន ណារិទ្ធ ក៏បានប្រកាសគាំទ្រសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខជននាយករដ្ឋមន្ត្រី និងបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត ដោយបានបញ្ជាក់បន្ថែមថា បោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតឲ្យខ្លួនឯង ដូចច្នេះនៅពេលគណបក្សប្រជាជនទទួលបានជ័យជំនះ យើងទាំងអស់គ្នា ក៏ទទួលបានជ័យជំនះដែរ។