(កំពង់ចាម)៖ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួបសំណេះសំណាលជាមួយអាជីវករ ដែលបាននិងកំពុងធ្វើអាជីវកម្មលក់ដូរទំនិញរបស់ខ្លួនក្នុងផ្សារទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដើមី្បសាកសួរសុខទុក្ខ, បង្កើននូវភាពស្និតស្នាល និងស្វែងយល់ពីបញ្ហាមួយចំនួនរបស់អាជីវករដែលកំពុងជួបប្រទះ។
ក្នុងឱកាសនោះ លោកបេក្ខជនតំណាងរាស្រ្ត បាននាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងតែងតែណែនាំដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់គិតគូរបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋឱ្យបានល្អ និងដោយស្មោះត្រង់។
លោកបានបន្តថា ផ្សារទំនប់ ជាផ្សារមួយក្នុងចំណោមផ្សារជាច្រើនក្នុងស្រុកបាធាយ ដែលកើតឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ហើយក៏ជាទីកន្លែងមួយសម្រាប់ដោះដូរទំនិញ និងបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ ព្រមទាំងជាកន្លែងសម្រាប់បម្រើសេវាកម្មនានាដល់ភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ។
ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្ដិ បានសំណូមពរឱ្យសមត្ថកិច្ចមូលដ្ឋាន និងគណៈគ្រប់គ្រងផ្សារ ក៏ដូចសន្តិសុខផ្សារ ជួយធ្វើការជួយសម្រួលលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅក្នុង និងជុំវិញទីផ្សារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងរាល់កាកសំណល់ទីផ្សារ និងប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារឱ្យបានល្អ ដើម្បីធានាដល់ចរន្តទឹកហូរបានទាន់ពេល មិនបង្កឱ្យមានការកកស្ទះទៀតផង។
លោកបេក្ខជនតំណាងរាស្រ្ត បានពន្យល់ និងផ្សព្វផ្សាយអំពីខ្លឹមសាររបស់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះ ជូនបងប្អូនអាជីវករទាំងអស់ ព្រមទាំងបានធ្វើការបង្ហាញជូនអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ។
ក្នុងនាមជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ក៏ដូចជាលោកផ្ទាល់ បានអំពាវនាវដល់ប្រជាពរដ្ឋ និងអាជីវករទាំងអស់ឱ្យអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ជាសម្គាល់ និងមានលេខរៀងទី១៨ ដើម្បីបន្តគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នាអាណត្តិទី៧ និងប្តេជ្ញាចិត្តគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ដោយលោកបណ្ឌិត ជាបញ្ញវន្តមួយរូបនដែលមានចំណេះដឹងយ៉ាងខ្ពងខ្ពស់លើផ្នែកយោធា សេដ្ឋកិច្ច និងនយោបាយ ដែលលោកសិក្សាមកពីបរទេស៕