(បន្ទាយមានជ័យ)៖ លោក សេរី កុសល តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងក្រុមការងារចុះជួយស្រុកភ្នំស្រុក នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនា រកសម្លេងឆ្នោត បានបន្ដដឹកនាំក្រុមការងារ ចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋប្រមាណជាង៤០០នាក់ មកពីភូមិចំនួន៣ រួមមាន៖ ភូមិមុខឈ្នាងលើ, ភូមិមុខឈ្នាងក្រោម និងភូមិរោគ ក្នុងឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ។

លោក សេរី កុសល បានឲ្យដឹងថា នៅឃុំស្ពានស្រែង មានបងប្អូនអញ្ជើញមកពីបក្សផ្សេង ចំនួន២៩៨នាក់ និងអំពាវនាវដល់អ្នកផ្សេងទៀត រួមទាំងប្រជាពលរដ្ឋនៅក្នុងឃុំនេះ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីស្នងគុណសម្ដេចតេជោ ដែលបានខិតខំ ក្នុងរយៈកាលនាពេលកន្លងមក។

លោក សេរី កុសល បានជម្រាបអំពីមូលហេតុ ដែលបងប្អូនប្រជាពលរដ្ឋ ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ គឺក្នុងកាលៈទេសៈនេះ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការថែរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលធ្វើឲ្យប្រជាជនមានជីវភាពរីកចម្រើន។

ក្នុងឱកាសនោះ លោក សេរី កុសល ក៏បានពាំនាំនៅការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់សុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ដោយបានថែរក្សានៅសុខសន្តិភាព ស្ថេរភាពនយោបាយរហូតមកដល់ពេលនេះ។

ទន្ទឹមគ្នានេះ លោក សេរី កុសល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងអណត្តិទី៧នេះជាបន្តទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត។

លើសពីនោះទៀត លោក សេរី កុសល បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កុំបីអាក់ខានឡើយ។

ពិធីសំណេះសំណាលនេះ បានបញ្ចប់ទៅភាពរីករាយ ហើយក៏មានការហូបនំបញ្ចុក និងការ៉េមកី រួមគ្នា ដើម្បីបង្ហាញពីការសាមគ្គីភាព និងមិត្តភាពផងដែរ។