(ភ្នំពេញ)៖ ជនរងគ្រោះម្នាក់ក្នុងហេតុការអំពើហិង្សាវាយដោយដំបងពីសំណាក់ជនល្មើស២នាក់ នៅភូមិពោធ៍ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ បណ្ដាលឲ្យរងរបួសត្រូវក្បាលធ្ងន់ធ្ងរ ធ្លាក់ខ្លួនពិការដល់សព្វថ្ងៃនោះ និងរហូតមួយជីវិត នៅពេលនេះមិនទាន់ទទួលបានសំណងជំងឺចិត្តចំនួន២ម៉ឺនដុល្លារ តាមការកំណត់របស់តុលាការនៅឡើយទេ តាមរយៈសាលក្រមលេខ១០៥/២៦ច ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ដោយចៅក្រមជំនុំជម្រះ ឈ្មោះ រស់ បូផាណា។
តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមគ្រួសាររបស់ជនរងគ្រោះបានអះអាងថា ឆ្លងកាត់ហេតុការណ៍ដ៏រន្ធត់កាលពីឆ្នាំ២០១៦នោះ មកទល់ពេលនេះជនរងគ្រោះឈ្មោះ សាន ពិសាល រស់នៅភូមិបឹងស្នោង ឃុំល្វា ស្រុកព្រះស្ដេច បានធ្លាក់ខ្លួនពិការយ៉ាងធ្ងន់ធ្ងរដោយសាររបួសត្រង់ក្បាល ដែលពេលនោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម ហើយនៅពេលនេះបានពិការ ស្ទើរតែដើរមិនរួច និងនិយាយមិនចេញ។
យ៉ាងណាមិញ ក្រោយហេតុការណ៍ដែលបានកើតឡើង ជនដៃដល់២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ក្រោមការបញ្ជារបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ តាមចាប់ខ្លួនឈ្មោះ យ៉ុន វណ្ណា និងឈ្មោះ ឡុង ឡាយ រស់នៅភូមិពោធ៍ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ហើយបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែង ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់។
ឆ្លងកាត់ដំណាក់កាលជាបន្ដបន្ទាប់របស់តុលាការ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ តុលាការបានចេញសាលក្រម ដោយកាត់ទោសជនល្មើសជាប់ពន្ធនាគារ៥ឆ្នាំ និងសងសំណងជំងឺចិត្ត ចំនួន២ម៉ឺនដុល្លារ ដល់ជនរងគ្រោះ។
ប៉ុន្ដែទោះបីជាតុលាការកំណត់យ៉ាងនេះក្ដី តែរហូតមកដល់ថ្ងៃនេះ ក្រុមគ្រួសាររបស់ជនរងគ្រោះ នៅមិនទាន់ទទួលបានលុយពីភាគីជនល្មើសសូម្បីតែមួយរៀល។ តាមរយៈនេះ ក្រុមគ្រួសាររបស់ជនរងគ្រោះ បានអំពាវនាវដល់ ស្ថាប័នតុលាការ មេត្ដាជួយអន្ដរាគមន៍តាមផ្លូវច្បាប់ ធ្វើយ៉ាងណាឲ្យភាគីជនរងគ្រោះទទួលបាននូវសំណងដូចអ្វីដែលបានកំណត់នៅក្នុងសាលក្រម ខណៈម្ដាយជាស្ដ្រីមេម៉ាយ ត្រូវការថវិកាបន្ថែមដើម្បីបន្ដព្យាបាលកូនប្រុស ដែលធ្លាក់ខ្លួនពិបាកធ្ងន់ធ្ងរ។
ជាមួយគ្នានេះ ក្រុមគ្រួសាររបស់ជនរងគ្រោះ ក៏បានថ្លែងអំណរគុណស្ថាប័នតុលាការ ដែលបានធ្វើការផ្ដន្ទាទោសដល់ជនដែលបានប្រព្រឹត្តល្មើសខាងលើ ដោយដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ។ តែអ្វីដែលគាត់ចង់នៅពេលនេះ គឺថវិកាសំណងជំងឺចិត្តដែលបានកំណត់២ម៉ឺនដុល្លារ៕