(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនបន្ដវេនជានាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook ផ្លូវការ បានបង្ហោះនូវវីដេអូខ្លីមួយទៀត ដោយបានបញ្ចេញទស្សនៈមួយសម្រាប់ការដឹកនាំ។
លោកលើកឡើងថា ក្នុងនាមជាអ្នកដឹកនាំ នៅពេលដែលយើងមានការទទួលខុសត្រូវកាន់តែធំ ច្បាស់ណាស់នឹងបានអ្នកចាំវាយប្រហារ និងរិះគន់ ចូរកុំផ្តោតសំខាន់លើអ្នករិះគន់ ប៉ុន្តែយើងត្រូវប្រកាន់ជំហរឱ្យបានច្បាស់ថា យើងធ្វើអ្វីពិតប្រាដកអនុវត្តន៍ដោយទទួលខុសត្រូវ។
លោកបន្តថា សម្រាប់ការដឹកនាំប្រទេស របស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជន មានគោលជំហរផ្តល់ប្រយោជន៍ ប្រជាពលរដ្ឋជាធំ និងនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ទោះបីមានខ្លះចាំវាយប្រហារ និងរិះគន់ក៏ដោយ ដែលនេះហើយនាំឱ្យគណបក្សប្រជាជនកម្ពុជា តែងតែឈ្នះឆ្នោតជានិច្ច។
លោកបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំធ្លាប់ម្តងធ្វើការនៅធនាគារពិភពលោក ខ្ញុំជួបខ្មែរអាមេរិកាំងម្នាក់សួរខ្ញុំថា អ្នកឯងមានអារម្មណ៍យ៉ាងម៉េចបើមួយថ្ងៃៗ ឃើញតែមានពាក្យចចាមអារ៉ាម ប្រឆាំងពុក [សម្តេចតេជោ] ខ្ញុំឆ្លើយទៅវិញថា បើសិនជាខ្ញុំគិតថាការវាយប្រហារ រិះគន់ជាបាយ ខ្ញុំហូបមួយថ្ងៃបីពេល ហើយសល់ទៀត។ ឪពុកខ្ញុំប្រាប់ថា ជីវិតយើង ហើយពិសេសបើយើងធ្វើការកាន់តែមានការចាប់អារម្មណ៍ច្រើន ការវាយប្រហារ និងការគាំទ្រតែងតែមាន អ្វីដែលសំខាន់យើងត្រូវប្រកាន់ជំហរឱ្យបានច្បាស់ ថាយើងធ្វើអ្វីពិតប្រាដក អនុវត្តន៍ទៅហើយទទួលខុសត្រូវលើអ្វីដែលយើងធ្វើ កុំគិតថា ១០០នាក់ឯកភាពទាំងអស់ ចំពោះការដឹកនាំប្រទេស បើយើងធ្វើល្អ យកប្រជាជនជាគោល សម្តេចតេជោ និងគណបក្សប្រជាជន យកអ្វីដែលជាផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ហើយឈរជាមួយប្រជាពលរដ្ឋ គ្រប់ពេលវេលាពេលនោះយើងនឹងឈ្នះហើយ ទោះបើជាមានអ្នកខ្លះមិនសប្បាយចិត្តក៏ដោយ នេះគឺជាការពិត»៕