(សៀមរាប)៖ លោក ឥត សារ៉ាត់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុង និងខេត្តសៀមរាប និងលោកស្រី ខៀវ បុប្ផាផល តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ បេក្ខភាពតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តសៀមរាប លោក ទៀ សីហា បេក្ខភាពតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកស្រីអ្នកឧកញ្ញាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី លី ហៀក ព្រមទាំងសហការី នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បាននាំយកនូវទៀនព្រះវស្សា និងទេយ្យទានមួយចំនួនធំ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា ដល់វត្តចំនួន៤៦ នៅក្នុងក្រុង និងខេត្តសៀមរាប។
ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃទាំង ៤៦វត្ត ក្នុងក្រុងសៀមរាបនាឆ្នាំនេះ បានធ្វើឡើងនៅវត្តរាជបូណ៍ ស្ថិតក្នុងភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុង និងខេត្តសៀមរាប ដោយក្នុងមួយវត្តៗឯកឧត្តម និងលោកស្រី បានប្រគេន ទៀនវស្សា ០១គូរ, សាដក ១កញ្ចប់, មីម៉ាម៉ា ០២កេស, ត្រីខ ០២យួរ, អង្ករ ៥០គីឡូក្រាម, ទឹកក្រូច និងទឹកផ្លែឈើ ០២កេស, ទឹកត្រី ទឹកស៊ីអ៉ីវ ០៤យួរ, ទឹកបរិសុទ្ធ ០២ កេស, នំធុង ០២ធុង, ប្រគេនបច្ច័យកសាងវត្ត ចំនួន ៤៦វត្ត ដែលក្នុងមួយវត្តៗ បច្ច័យ ១លាន ៥សែនរៀល, ប្រគេនបច្ច័យ ព្រះមេណៈគុណខេត្តសៀមរាបទាំងពីរគណ: ក្នុងមួយគណៈៗ បច្ច័យ ១លានរៀល,ប្រគេនបច្ច័យសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះចៅអធិការវត្តរាជបូណ៌ បច្ច័យ ៤លានរៀល, ប្រគេនបច្ច័យព្រះសង្ឃចូលរួម ៤៦អង្គ ក្នុងមួយអង្គៗ បច្ច័យ ១០ម៉ឺនរៀល និងជូនចាស់លីវត្តី ៦០នាក់ ក្នុងម្នាក់ៗ ថវិកា ០៣ម៉ឺនរៀល។
ជួបសំណេះសំណាលជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យ ចាស់សិលវត្តី ដែលចូលរួមក្នុងពិធីប្រគេនទៀនវស្សានាពេលនោះ លោក ឥត សារ៉ាត់ ក្នុងនាមសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ខេត្តសៀមរាប បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរួបរួមសាមគ្គីគ្នាជាធ្លុងមួយរវាងអាជ្ញាធរដែនដី ប្រជាពុទ្ធបរិស័ទ ជាមួយព្រះសង្ឃ ក្នុងការកសាងវិស័យព្រះពុទ្ធសាសនាខ្មែរយើងឱ្យរីកលូតលាស់យ៉ាងឆាប់រហ័ស។
លោក ឥត សារ៉ាត់ បានគូសបញ្ជាក់ពីតម្តៃសន្តិភាព ដែលរកបានដោយលំបាក ក្រោមនយោបាយឈ្នះឈ្នះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ លោកបានបញ្ជាក់ថា ដោយសារមានសន្តិភាពនេះហើយ ទើបផ្តល់ឱកាសឱ្យការអភិវឌ្ឍសង្គមជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។
លោលបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដើម្បីបង្ការជំងឺឆ្លងកូវីដ១៩។
ទន្ទឹមនឹងនោះដែរ លោក ឥត សារ៉ាត់ ក៏បានផ្ដាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបជាប់ឆ្នោតអាណត្តិថ្មី ត្រូវខិតខំបម្រើប្រជាពលរដ្ឋ ឱ្យអស់ពីសមត្ថភាពផងដែរ ដើម្បីភូមិ ឃុំ មានសុវត្តិភាព និងមានការអភិវឌ្ឍរីកចម្រើន។
លោក ឥត សារ៉ាត់ ប្រធានក្រុមការងារ និងសហការី បានឧទ្ទិសកុសលផលបុណ្យ ជូនដល់មាតាបិតា ជីដូនជីតា សព្វសណ្តានញាតិជិតឆ្ងាយដែលបានចែកឋាន រំលាយខណ្ឌទៅកាន់លោកខាងមុខ ពិសេសឧទ្ទិសជូនដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ និងការស្វែងរកសុខសន្តិភាព ជូនប្រជាពលរដ្ឋដល់សព្វថ្ងៃ។
ទន្ទឹមនឹងនោះដែរលោក ឥត សារ៉ាត់ ក៏បានរំលឹកដល់ប្រជាពលរដ្ឋ ដែលជាសមាជិកបក្សទាំងអស់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅខាងចុងគេក្នុងសន្លឹកឆ្នោត ដោយគ្រីសឱ្យចំឱ្យត្រូវ (√) តាមការណែនាំរបស់ក្រុមការងារ និងគណៈកម្មការជាតិរៀបចំការបោះឆ្នោត៕