(ភ្នំពេញ)៖ សមាគមមិត្តភាព កម្ពុជា-ចិន បានចេញសេចក្ដីអំពាវនាវ ចំពោះប្រជាពលរដ្ឋ សូមអញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងឈានមកដល់ នាពេលខាងមុខនេះ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗរូប ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ។ នេះបើតាមសេចក្ដីអំពាវនាវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកក្កដា។

សេចក្ដីអំពាវនាវ បានបញ្ជាក់យ៉ាងដូច្នេះថា «សមាគមមិត្តភាព កម្ពុជា-ចិន សូមអំពាវនាវជាឱឡារិក ចំពោះប្រជាពលរដ្ឋខ្មែរ-ចិន ទាំងអស់ដែលមានសិទ្ធ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗរូប ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការពារសន្តិភាព ការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កាន លើគ្រប់វិស័យនៃមាតុភូមិ»

សមាគមមិត្តភាព កម្ពុជា-ចិន ក៏សូមប្រជាពលរដ្ឋ ខ្មែរ-ចិន ទាំងអស់ គប្បីត្រិះរិះពិចារណាសិក្សាស្វែងយល់ឲ្យច្បាស់លាស់គិតពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្នថា អាស្រ័យដោយ សម្តេចតេជោ នាយករដ្ឋមន្តី បានខិតខំស្វែងរកសុខសន្តិភាពឲ្យកើតមានមកដល់ពេលនេះ មិនមែនកើតមានដោយឯងៗនោះឡើយ អាស្រ័យដោយការដឹកនាំដ៏ប៉ិនប្រសព្វ។

សមាគមមិត្តភាព កម្ពុជា-ចិន បានគូសបញ្ជាក់ថា ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

ទន្ទឹមនឹងនេះ ដោយទទួលបានសុខសន្តិភាព សេរីភាព នាពេលកន្លងមក និងបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងការអភិវឌ្ឍរបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ សូមប្រជាពលរដ្ឋខ្មែរ-ចិន ទាំងអស់ សូមមេត្តាអញ្ជើញទៅចូលរូមបោះឆ្នោតឲ្យបានគ្រប់ៗរូប ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌បំផុត៕