(ភ្នំពេញ)៖ និស្សិតខ្មែរក្រោម បានបង្ហាញទស្សនៈថា ខ្មែរក្រោមដែលឡើងមក​រស់​នៅកម្ពុជា មិនគួរប្រឆាំង ឬស្អប់រាជរដ្ឋាភិបាលកំពុងដឹកនាំប្រទេសនោះ​ឡើយ។ ការប្រឆាំងនឹងរាជរដ្ឋាភិបាល មិនមានផលចំណេញសម្រាប់ខ្មែរក្រោម​នោះ​ឡើយ ហើយកាន់តែបង្កើនសម្ពាធបញ្ហាដល់ការរស់នៅទៅវិញ។

យុវជន ថាច់ វណ្ណា ជាកូនខ្មែរក្រោមកើតនៅក្នុងខេត្តឃ្លាំង ហើយបានឡើងមក​បន្តការសិក្សារៀនសូត្រនៅកម្ពុជាកាលពីឆ្នាំ២០១៣។ បច្ចុប្បន្ននេះ ថាច់ វណ្ណា កំពុងរៀនថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយនៅទីក្រុងមូស្គូ ប្រទេសរុស្ស៉ី។

វណ្ណា បានឡើងមកប្រទេសកម្ពុជា ព្រោះតែចង់មានឱកាសសិក្សារៀនសូត្រ ជាពិសេសចង់ដឹងឮពីប្រទេសកំណើតរបស់ខ្លួន។ មកដល់កម្ពុជា វណ្ណា បាន​បួស​ជាសង្ឃ ដើម្បីរកឱកាសសិក្សា។ លុះបានអាហារូបករណ៍ និងសិក្សានៅ​ប្រទេសរុស្ស៉ីមួយឆ្នាំ ទើប វណ្ណា បានលាចាកសិក្ខាមកវិញ។ រយៈពេលប្រមាណ ១០ឆ្នាំនេះ វណ្ណា បានពុះពារការលំបាកជាច្រើន ដើម្បីស្រវាចាប់យកចំណេះ​ដែល​ជាបំណងដ៏ធំរបស់ខ្លួនក្នុងការភៀសខ្លួនពីខ្មែរក្រោម មកកម្ពុជា។

រស់នៅកម្ពុជារយៈពេលប្រមាណជា១០ឆ្នាំមកនេះ វណ្ណា បានកត់សម្គាល់​ឃើញ​​ថា ខ្មែរក្រោមដែលឡើងមករស់នៅកម្ពុជា មានជំហរជំទាស់នឹងរាជ​រដ្ឋា​ភិបាល ហើយច្រើនមានសមានចិត្តជាមួយបក្សប្រឆាំងទៅវិញ។ បើតាម វណ្ណា ការ​ជំទាស់​​របស់ខ្មែរក្រោមចំពោះរាជរដ្ឋាភិបាល ដោយសារតែពួកគេ​ឃើញ​រាជ​រដ្ឋា​ភិ​បាលមានទំនាក់ទំនងល្អនឹងរដ្ឋាភិបាលវៀតណាម ដែលជាអាណា​ព្យា​បាល​​របស់​ខ្មែរក្រោមនាពេលបច្ចុប្បន្ន។

យុវជន ថាច់ វណ្ណា មិនចង់ឃើញខ្មែរក្រោមឡើងមកកម្ពុជា ប្រឆាំងរាជរដ្ឋា​ភិ​បាលនោះទេ។ វណ្ណា បានផ្តល់ជាទស្សនៈដល់ខ្មែរក្រោមថា ទោះរាជរដ្ឋាភិ​បាលមកពីគណបក្សនយោបាយណាក៏ដោយ ត្រូវតែមានទំនាក់ទំនងល្អជា​មួយ​រាជរដ្ឋាភិបាល ដើម្បីទទួលបានបរិយាកាសល្អសម្រាប់ការរស់នៅ ក៏ដូច​ជាការប្រកបរបរចិញ្ចឹមជីវិត។

វណ្ណា បានពន្យល់ថា មានតែរាជរដ្ឋាភិបាលទេ ដែលជាអ្នកចាត់ចែងកិច្ចការ​ទាំង​ឡាយរបស់រដ្ឋ ដូច្នេះបើមានការប្រាស្រ័យទាក់ទងមិនល្អ គឺមិនមាន​ប្រយោជ​ន៍​សម្រាប់ខ្មែរក្រោមនោះឡើយ៕