(កំពត)៖ «ភ្នាក់ងារគណបក្សនយោបាយដើរតួនាទីសំខាន់ ក្នុងការធានានូវដំណើរការជាប្រក្រតីភាព និងភាពត្រឹមត្រូវតាមនីតិវិធីច្បាប់ នៃដំណើរការបោះឆ្នោត និងចូលរួមការពារសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ស្របតាមនីតិវិធីកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។ នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូ និងជាប្រធានបណ្តុំឃុំ ៣ នៃស្រុកទឹកឈូ ខេត្តកំពតនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកចូលរួមជាអធិបតីនៃកិច្ចប្រជុំពង្រឹង និងបំប៉នបន្ថែមផ្នែកច្បាប់ និងបច្ចេកទេសពាក់ព័ន្ធដល់ភ្នាក់គណបក្សរបស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។

អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូ បានគូសបញ្ជាក់ថា ភ្នាក់ងារគណបក្សនយោបាយគឺជាតំណាងរបស់គណបក្សក្នុងការិយាល័យបោះឆ្នោត និងជាអ្នកការពារផលប្រយោជន៍របស់គណបក្ស ស្របតាមច្បាប់។

ជាមួយគ្នានេះ លោកបានស្នើឱ្យភ្នាក់ងារគណបក្សនៃគណបក្សប្រជាជនកម្ពុជា ដែលនឹងបំពេញការងារនៅតាមការិយាល័យបោះឆ្នោតទាំងអស់ក្នុងឃុំកំពង់ក្រែង ត្រូវបំពេញការងារដោយយកចិត្តទុកដាក់ខ្ពស់ អនុវត្តច្បាប់ និងនីតិវិធីដែលមានធរមានឱ្យបានល្អ និងប្រកបដោយការទទួលខុសត្រូវ។ សូមភ្នាក់ងារគណបក្សនយោបាយទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។

អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ ក៏បានជម្រាបជូនភ្នាក់ងារគណបក្សនយោបាយសម្រាប់ឃុំកំពង់ក្រែង ស្រុកទឹកឈូថា រយៈពេល ១៩ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមកនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានវាយតម្លៃថា ប្រព្រឹត្តទៅដោយរលូន មិនមានអំពើហិង្សាអ្វីឡើយ ដែលនេះបង្ហាញពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែមានភាពរស់រវើក។ ចំណែកបងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំគឺមានភាពសប្បាយរីករាយ គ្មានការព្រួយបារម្ភ និងគ្មានការភិតភ័យដូចការលាបពណ៌ របស់ក្រុមជនប្រឆាំងជ្រុលនិយមឡើយ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងប្រព្រឹត្តទៅតែរយៈពេលមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពីម៉ោង ៧ ព្រឹកដល់ម៉ោង ៣ រសៀលដែលថ្ងៃសម្រេចចិត្តដ៏សំខាន់របស់ពលរដ្ឋខ្មែរជាង ៩,៧ លានដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកទឹកឈូ លោក នេត្រ ភក្ត្រា បានបន្តអំពាវនាវបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេស ការពារសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕