(ត្បូងឃ្មុំ)៖ ស្រុកអូរាំងឪ ជាទឹកដីមួយស្ថិតនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋសរុបជាង ១០ម៉ឺននាក់។ ស្រុកនេះ ក៏ជាទឹកដីពឹងអាស្រ័យខ្ពស់លើរបរកសិកម្មផងដែរ។
ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា ស្រុកអូរាំងឪ ទទួលបានសមិទ្ធផលជាច្រើន ដើម្បីឆ្លើយតបសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្រោមនយោ បាយអាទិភាព «មនុស្ស ផ្លូវ ទឹក ភ្លើង»។
រាជរដ្ឋាភិបាលកម្ពុជាប្រសូតចេញពីគណបក្សប្រជាជនកម្ពុជា ក្រោមសន្លឹក ឆ្នោតរបស់ប្រជាពលរដ្ឋកាលពីឆ្នាំ២០១៨ បានផ្តោតការយកចិត្តទុកដាក់ ខ្ពស់បំផុតលើជីវភាពរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ។ ដើម្បីជួយលើក កម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍន៍នៅទីជនបទ រាជរដ្ឋា ភិបាលកម្ពុជា ក៏បានដាក់ចេញយន្តការពង្រាយមន្ត្រីថ្នាក់ជាតិចុះទៅតាមមូល ដ្ឋានផងដែរ។ ការពង្រាយមន្ត្រីថ្នាក់ជាតិ ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា ចុះទៅតាមមូលដ្ឋាននេះ គឺដើម្បីបានដឹងពីបញ្ហាប្រជាពលរដ្ឋ ហើយសហការជាមួយមន្ត្រី និងអាជ្ញាធរនៅមូលដ្ឋានដោះស្រាយបញ្ហាប្រជាពលរដ្ឋ និងធ្វើការអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ចាត់តាំងជាប្រធានក្រុមការងារចុះជួយស្រុកអូរាំងឪ។
ការចុះជួយស្រុកអូរាំងឪនេះ លោក អ៊ាង សុផល្លែត មិនត្រឹមតែចូលរួមផ្តល់វិភាគទានគំនិត យោបល់ ដើម្បីកសាង និងអភិវឌ្ឍន៍មូលដ្ឋានស្រុកអូរាំងឪ ប៉ុណ្ណោះទេ។ លោក សុផល្លែត រួមនិងក្រុមការងារក៏បានរួមគ្នាចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយមូលដ្ឋានស្រុកអូរាំងឪ ក្រោមវិស័យអាទិភាពចំនួន៥រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងការងារសន្តិសុខ សុវត្ថិភាពសង្គម។
ឈរលើវិស័យអាទិភាពទាំងនេះ លោក អ៊ាង សុផល្លែត និងក្រុមការងារតែងរៀបចំកម្មវិធីចែកសម្ភារៈសិស្សពេលបើកបវេសនកាល ជំរុញការសិក្សា ស្វែងរកអាហារូបករណ៍ជូនសិស្សជាប់បាក់ឌុប ជីកអណ្តូងទឹកតាមសាលារៀន។ ដាក់ចេញយុទ្ធនាការ «ផ្លូវរលោង» ជំរុញការសាងសង់ផ្លូវបេតុង និងឈូសឆាយផ្លូវដីសម្រួលការធ្វើដំណើរជាដើម។
បន្ថែមពីលើនោះ លោក សុផល្លែត និងក្រុមការងារ ក៏បានបំពាក់អំពូលភ្លើងសឡា ដែលលោកថា «ភ្លើងទេវតា» នៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋផងដែរ។
ពាក់ព័ន្ធការសន្តិសុខ សុវត្ថិភាពវិញ លោក អ៊ាង សុផល្លែត បានយកចិត្តទុកដាក់ខ្ពស់ប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ដែលជាមហន្តរាយដ៏ធំសម្រាប់ជាតិ និងកូនចៅប្រជាពលរដ្ឋ។ ហេតុនេះ លោក សុផល្លែត បានដាក់ចេញកម្មវិធីលើកទឹកចិត្ត ដោយផ្តល់មួយលានរៀល ដល់សមត្ថកិច្ចដែលចាប់បានអ្នកជួញដូរថ្នាំញៀនមួយនាក់ ហើយឧបត្ថម្ភ៥ពាន់ដុល្លារ ដល់ឃុំណាឈានទៅលុបបំបាត់ទាំងស្រុងនូវការជួញដូរថ្នាំញៀន។
សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋសម្រាប់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាកិច្ចអភិវឌ្ឍន៍សង្គមកម្ពុជាគ្មានទីបញ្ចប់នោះឡើយ ហើយទាមទារឱ្យមានការធ្វើជាប់ជាប្រចាំផងដែរ។ ក្នុងនាមជាប្រធានក្រុមការងារចុះជួយស្រុកអូរាំងឪ លោក អ៊ាង សុផល្លែត នៅតែចិញ្ចឹមចិត្ត និងមានឆន្ទៈខ្ពស់ក្នុងការចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានស្រុកអូរាំងឪ នៅអាណត្តិបន្តដោយឈរលើវិស័យអាទិភាពទាំង៥ខាងលើដដែល ប្រសិនបើគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោត ហើយលោកទទួលបានឱកាសពីរាជរដ្ឋាភិបាលឱ្យបន្តចុះជួយស្រុកអូរាំងឪនោះ។
ក្នុងនាមជាអ្នកកើតលើទឹកដីខេត្តត្បូងឃ្មុំ លោក អ៊ាង សុផល្លែត នៅតែមានបំណងខ្ពស់ចូលរួមជួយប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ទឹកដីកំណើតរបស់លោក។ ដើម្បីឆ្ពោះទៅសម្រេចបំណងនេះ លោក សុផល្លែត អំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុកអូរាំងឪ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជិត ៦ម៉ឺននាក់ ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ មានរូបសញ្ញាទេវតាបាចផ្កា៕