(ភ្នំពេញ)៖ ជនត្រូវចោទម្នាក់ និងក្រុមគ្រួសាររបស់ខ្លួនបាន សម្តែងនូវការមិនសប្បាយចិត្ត និងស្រែកថាអយុត្តិធម៌ ហេតុអ្វីក៏រឿងឆបោក ប្រាក់១៥០០០ដុល្លារ ហើយប្រពន្ធជនត្រូវចោទ មានលទ្ធភាពយកប្រាក់ទៅសង ជូនដើមបណ្តឹងទៅហើយ ប៉ុន្តែខាងចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ប៊ុន ធី ទទួលបន្ទុកកាន់សំណុំរឿងមួយនេះ ទាមទារឲ្យជនត្រូវចោទតម្កល់ប្រាក់ ចំនួន៤៥០០០ ដុល្លារទៅវិញ។
មកពីជនត្រូវចោទគ្មានលទ្ធភាពយកប្រាក់ទៅតម្កល់តាមការទាមទារ របស់ចៅក្រម ស្រាប់តែលោកចៅក្រមរូបនេះ បានដេញដីកា ឃុំខ្លួនដាក់ពន្ធនាគារ ធ្វើឲ្យបាក់បែកគ្រួសារ ប្រពន្ធនិងកូនៗ គួរឲ្យសង្វែគជាទីបំផុត។
សាច់ញាតិជនត្រូវចោទ បានសុំឲ្យអង្គភាព Fresh News ជួយចុះផ្សាយដើម្បីបានដឹងដល់ថ្នាក់ដឹកនាំ ដោយជនត្រូវចោទបានបំពេញ កាតព្វកិច្ចបំណុលគ្រប់ចំនួន ក៏នៅតែចៅក្រមស៊ើបសួរសម្រេច ចេញដីកាឃុំខ្លួនបញ្ជូនទៅដាក់ពន្ធនាគារព្រៃស បណ្តោះអាសន្ន ខណៈភរិយាជនត្រូវចោទ មិនមានប្រាក់ចំនួន៤៥០០០ដុល្លារ សម្រាប់ដាក់តម្កល់ ហើយករណីនេះក៏មិនមានហេតុផលដែលត្រូវឲ្យ ជនត្រូវចោទសងប្រាក់ លើសពីបទល្មើសឆបោកចំនួន ១៥០០០ដុល្លារនោះដែរ ។
សូមបញ្ជាក់ថា ជនត្រូវចោទក្នុងសំណុំរឿងនេះ មានឈ្មោះ ពៅ ចាន់ដា រីឯដើមបណ្តឹងមានឈ្មោះ កៅ សារ៉ាណា។
តាមដំណើរដែលសាច់ញាតិជនត្រូវចោទប្រាប់នោះ គឺដំបូងឡើយជនត្រូវចោទ ពៅ ចាន់ដាត និងដើមបណ្តឹង កៅ សារ៉ាណា មានប្រាស្រ័យទំនាក់ទំនងគ្នា លក្ខណៈដូចបងប្អូន មិនតែប៉ុណ្ណោះ ដើមបណ្តឹងក៏ធ្លាប់ស្នាក់នៅ រួមរស់ដេកស៊ីចុកក្រោមដំបូលផ្ទះ ឪពុកជនត្រូវចោទយូរខែឆ្នាំមកហើយដែរ។
ក្រោយមកដោយមានមនោសញ្ចេតនារាប់អានស្គាល់ចិត្តថ្លើមគ្នាប្រកប ដោយទំនុកចិត្ត អ្នកទាំង២ក៏ឈានដល់ សម្រេចដាក់ប្រាក់ចូល ហ៊ុនរកស៊ីជាមួយគ្នា។ គ្រានោះជនត្រូវចោទក៏បានម៉ៅការ ធ្វើផ្លូវមួយខ្សែពីឈ្មោះ ពៅ ដាវីដ គឺផ្លូវកុងស៊ីកាប់ជ្រូក នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
តែចៃដន្យការរកស៊ីនេះ ត្រូវបានខាតបង់ ហើយ ពៅ ចាន់ដាត ក៏បានបង្ខំចិត្តខ្ចី ប្រាក់ចំនួន១៥០០០ដុល្លារពីឈ្មោះ កៅ សារ៉ាណា នៅចន្លោះឆ្នាំ២០១៤។ ក្នុងនោះ ពៅ ចាន់ដេត ដែលជួបនឹងវិបត្តិសេដ្ឋកិច្ច គាត់ក៏ពុំមានលទ្ធភាពសង ទៅម្ចាស់បំណុលវិញ រហូតឆ្នាំ២០១៦នេះ ។
ក្រុមគ្រួសារជនត្រូវចោទបានបញ្ជាក់ថា រយៈពេល២ខែមុនការចាប់ខ្លួន ជនត្រូវចោទរូបនេះ ក៏បានស្វះស្វែងគ្រប់មធ្យោយបានប្រឹង រកស៊ី និងទទួលបានប្រាក់កម្រៃខ្លះដើម្បីយកទៅសង ទូទាត់លោក កៅ សារ៉ាណា ប៉ុន្តែចេតនាសុច្ចរិត របស់ជនត្រូវចោទព្យាយាម យកប្រាក់សងដើមបណ្តឹង ត្រូវបានឈ្មោះ កៅ សារ៉ាណា មិនព្រមជួប អាចជាការអន់ចិត្តឬខឹងសម្បារ។
ទើបទីបំផុតចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ប៊ុន ធី ចេញដីកាឲ្យនាំខ្លួនលោក ពៅ ចាន់ដេត ពីបទឆបោកដែល បានប្រព្រឹត្តនៅភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦។
ក្រុមគ្រួសារជនត្រូវចោទបានលើកឡើងនីតិវិធី របស់តុលាការធ្វើដូចមានចេតនា គ្រោងទុកជាមុន បានន័យថាចេញភ្លាម ចាប់ភ្លែត បំពេញតម្រូវការដើមបណ្តឹង ដោយមិនបានចេញដីកាកោះហៅ តាមនីតិវិធីឲ្យចូលខ្លួនសាកសួរ ឬបំភ្លឺនោះឡើយ។
ពួកគាត់បន្តថា ដើមបណ្តឹងប្តឹងទាមទារប្រាក់ ចុះហេតុអ្វីសងគ្រប់ចំនួនមិនព្រមទទួល ដោយគ្រាន់តែនិយាយថា បើចង់នៅក្រៅឃុំ យកលុយមកតម្កល់៤៥០០០ដុល្លារមក ។
សំណុំរឿងឆបោកប្រាក់ អ្នកច្បាប់មួយចំនួន បានលើកឡើងថា គឺជារឿងរដ្ឋប្បវេណីសុទ្ធសាធ ប៉ុន្តែចៅក្រមសម្រេចឃុំខ្លួនជនត្រូវចោទ និងទាមទារឲ្យតម្កល់ប្រាក់៤៥០០០ដុល្លារ នោះគឺជាការបង្វិលទៅជារឿងព្រហ្មទណ្ឌ និងអយុត្តិធម៌បំផុត សម្រាប់ជនត្រូវចោទបើគ្នា រកប្រាក់មកសងគ្រប់ចំនួនហើយ ហេតុអី្វមកតម្រូវឲ្យតម្កល់៤៥០០០ដុល្លារ? ពីព្រោះសាច់ប្រាក់ដែលជំពាក់ ត្រឹមតែ១៥០០០ដុល្លារ ប៉ុណ្ណោះ។
ពាក់ព័ន្ធករណីនេះ មិនអាចទាក់ទងបានទេពីលោក ប៊ុន ធី ចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជាលោក កៅ សារ៉ាណា ដើមបណ្តឹងរដ្ឋប្បវេណី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៦ ខណៈគ្មានលេខទូរស័ព្ទ ប៉ុន្តែអង្គភាព Fresh News នឹងរង់ចាំបំភ្លឺ ពីលោកចៅក្រម និងដើមបណ្តឹង។
ក្រុមគ្រួសារជនត្រូវចោទ សូមអំពាវនាវ ដល់រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ និងក្រុមអធិការកិច្ច មេត្តាតាមដានពិនិត្យផង ដើម្បីពួកគេទទួលបាន យុត្តិធម៌៕