(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគបាលជាតិ បានបញ្ជូនខ្លួនអ្នកកាសែតម្នាក់មានឈ្មោះ មូល រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ ដែលបានក្លែងអត្តសញ្ញាណជាបុគ្គលិកស្ថាប័នព័ត៌មានផ្សេងៗ ជាពិសេសស្ថានីយ៍ទូរទស្សន៍បាយ័ន និងអង្គភាពព័ត៌មាន Fresh News ដើម្បីសុំប្រាក់ពីថ្នាក់ដឹកនាំ តាមអង្គភាពស្ថាប័ននានាទៅកាន់របស់រដ្ឋ យកទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការ បើកការស៊ើបសួរ និងឈានទៅរកការចោទប្រកាន់តាមច្បាប់។
កំលាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មូល រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ នៅចំណុចភូមិសាស្ត្រ ភូមិត្រពាំងជើង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចឱ្យដឹងថា បុគ្គលខាងលើនេះ បានធ្វើសកម្មភាពបន្លំធ្វើជមន្ត្រីព័ត៌មាន ទូរទស្សន៍បាយ័ន ឬជាមន្ត្រីអង្គភាព Fresh News តាំងពីដើមឆ្នាំ២០២១មកម៉្លេះ ហើយ ជនសង្ស័យ តែងតែយកអត្តសញ្ញាណបុគ្គលិកនៃទូរទស្សន៍បាយ័ន ដើម្បីយកទៅភ្ជាប់សារ Telegram រី Fresh News និង WhatsApp និងតែងតែទាក់ទងទៅកាន់ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងស្ថាប័ននានា ដើម្បីសុំប្រាក់ចុះបេសកកម្ម និងគំរាមកំហែងថានឹងចុះព័ត៌មានអំពីអំពើអសកម្មនានា ដើម្បីជាថ្នូរនិងប្រាក់។
លុះដល់ដើមឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានដាក់ពាក្យបណ្ដឹងមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្ដឹងពីជនសង្ស័យបានប្រើប្រាស់អត្តសញ្ញាណរបស់បុគ្គលិកទូរទស្សន៍បាយ័ន ដើម្បីដើរសុំ និងទារប្រាក់ពីថ្នាក់ដឹកនាំ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសស្ថានីយទូរទស្សន៍។
សមត្ថកិច្ចបានបញ្ជាល់បន្ថែមថា បន្ទាប់ពីធ្វើការស្រាវជ្រាវបានល្អិតល្អន់ នាយកដ្ឋានបានកំណត់មុខសញ្ញាជនសង្ស័យមួយរូប ឈ្មោះ មូល រតនៈ មានមុខរបរជានិពន្ធនាយកកាសែតសេនាធិបតី និងបន្ទាប់មកនាយកដ្ឋានក៏បានទទួលដីការបញ្ជាឱ្យចូលខ្លួនលេខ ២៨៣ អ.យ.ក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជដំបូងរាជធានីភ្នំពេញ។
លុះដល់ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ កម្លាំងនាយកដ្ឋានបានសហការជាមួយអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុគ្គលរូបនេះ ដើម្បីបញ្ជូនទៅសាលាបដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕