(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារស្វាគមន៍ចំពោះ ភ្នាក់ងារបរទេស៣៣៣នាក់ មកពី ៦៥ប្រទេស និងស្ថាប័ន ដែលបាននិងកំពុងអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅកម្ពុជា ឆ្នាំ២០២៣នេះ។
តាមរយៈបណ្តាញសង្គម Twitter សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង៣៣៣នាក់ មកពី៦៥ប្រទេសនិង ស្ថាប័នអន្តរជាតិដែលបាន និងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានសភា ប្រទេសម៉ាឡេស៉ី និងឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ដែលអញ្ជើញមកដើម្បីសង្កេតការណ៍ដោយផ្ទាល់។
ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តមអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភាទាំង១១រូបដែលបានចំណាយពេលវេលាធ្វើដំណើរមកកាន់កម្ពុជា ដើម្បីធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
យើងធ្លាប់បានបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ ៦លើករួចមកហើយ និងលើកទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍មកពីក្រៅប្រទេសច្រើនបំផុត និងមានឥស្សរជនជាន់ខ្ពស់ច្រើនបំផុតមកចូលរួមសង្កេតការណ៍»។
On behalf of the Royal Government, I warmly welcome all the 333 excellencies from 65 countries and international institutions who are visiting the Kingdom of Cambodia to observe the 7th National Assembly general election, to be held on Sunday, 23 July 2023.
I would like to thank his excellency the speaker of the Parliament of Malaysia and the prime minister of the Republic of Guinea-Bissau for the direct observation.
I would also like to thank the 11 former heads of state, heads of government, former presidents and vice presidents of the National Assembly for taking the time to travel to Cambodia to witness the democratic process in Cambodia.
We have already organized the general election for six times, and the seventh general election in 2023 has received the largest number of foreign observers and the highest number of dignitaries coming to observe the election.
សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង ខណៈយុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល២១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕