(ត្បូងឃ្មុំ)៖ «គុយទាវខគោអូរាំងឪ» កំពុងទទួលបានការចាប់អារម្មណ៍ពីមជ្ឈដ្ឋាននានា បន្ទាប់ពីលោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយស្រុកអូរាំងឪ ព្យាយាមផ្សព្វផ្សាយតាមបណ្តាញសង្គម។
មិនត្រឹមតែផ្សព្វផ្សាយលើបណ្តាញសង្គមប៉ុណ្ណោះទេ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លោក សុផល្លែត ក៏បាននាំអ្នកព័ត៌មានមួយក្រុមពីរាជធានីភ្នំពេញ បានទៅភ្លក់រសជាតិ «គុយទាវខគោអូរាំងឪ» ផងដែរ។
«គុយទាវខគោអូរាំងឪ» គឺស្ថិតនៅនឹងផ្សារអូរាំងឪតែម្តង។ «គុយទាវខគោអូរាំងឪ» មានពីរទីតាំងមួយទីតាំងស្ថិតនៅក្នុងផ្សារ ហើយមួយទីតាំងទៀតស្ថិតនៅក្រៅផ្សារ ក្បែរសាលាចិន។ «គុយទាវខគោ» ទាំងពីរទីតាំងនេះ គឺជាសាច់ញាតិនឹងគ្នា ហើយប្រើសរសៃគុយទាវដូចគ្នា ដែលផលិតភ្លាមៗក្នុងស្រុកអូរាំងឪនោះតែម្តង។
សរសៃគុយទាវនៅទីតាំងទាំងពីរនេះ មានសភាពខុសពីសរសៃគុយទាវដទៃ ពោលគឺមានសភាពទន់ល្មើយតែម្តង។ ដោយឡែកទឹកខគោទៀតសោត មិនសូវជាលេងពណ៌ខ្លាំង ហើយក៏មិនធំក្លិនគោនោះដែរ។ រស់ជាតិទៀតសោត ក៏ឆ្ងាញ់ពិសា បូករួមជាមួយរូបមន្ត្តទឹកជ្រលក់ផ្ទាល់ខ្លួនមានឱជារសនោះ ធ្វើអ្នកបរិភោគគុយទាវខគោកាន់តែជាប់ចិត្តថែមទៀត។ គុយទាវទាំងពីរទីតាំងនេះ ទទួលបានការគាំទ្រខ្ពស់ពីអ្នកផ្សារ ក៏ដូចជាពលរដ្ឋស្រុកអូរាំងឪ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់។
បើតាមលោក អ៊ាង សុផល្លែត បានឱ្យដឹងថា បច្ចុប្បន្ននេះ «គុយទាវខគោអូរាំងឪ» ក៏មានវត្តមាននៅរាជធានីភ្នំពេញពីរកន្លែង និងសៀមរាបមួយកន្លែងទៀត។ លោក សុផល្លែត មានបំណងពង្រីកកិត្តិនាម «គុយទាវខគោអូរាំងឪ» ឱ្យសាយសុសនៅទូទាំងប្រទេសតែម្តង។
ក្រៅតែពីគុយទាវខគោហើយនោះ អូរាំងឪនៅមានផលិតផលជាច្រើនផ្សេងទៀតមានដូចជាអន្សមស្លឹកត្នោត ត្រសក់ចាវ កន្ទេលកក់ជាដើម។ លោក សុផល្លែត មានផែនការជំរុញកិត្តិនាមផលិតផលក្នុងស្រុកអូរាំងឪ ឱ្យមានបានល្បី ដើម្បីជាសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋអូរាំងឪ។
លោក សុផល្លែត ក៏មានបំណងជំរុញការចិញ្ចឹមត្រីអណ្តែងក្នុងស្រុកអូរាំងឪ កែច្នៃជាម្ហូបអាហារផ្សេងៗ ដើម្បីជាអត្តសញ្ញាណមួយសម្រាប់ស្រុកអូរាំងឪផងដែរ។
សម្រាប់លោក អ៊ាង សុផល្លែត នយោបាយពាណិជ្ជកម្ម គឺជាចំណែកមួយធំជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមជនបទ។ ក្នុងនាមក្រុមការងារចុះជួយស្រុកអូរាំងឪ លោកប្រឹងប្រែងផ្សព្វផ្សាយផលិតផលរបស់អ្នកស្រុកអូរាំងឪ ៕