(ពោធិ៍សាត់)៖ លោក ឈុំ សុជាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាលជាមួយសមាជិកបង្គោល និងអ្នកសង្កេតការណ៍មួយចំនួន នៅក្រុងពោធិ៍សាត់ ដើម្បីជំរុញផ្សព្វផ្សាយបន្ថែមឱ្យប្រជាពលរដ្ឋឱ្យទៅបោះឆ្នោត។
នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណ និងកោតសរសើរដល់ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់នៅមូលដ្ឋាននេះ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត រយៈពេល ២០ថ្ងៃមកនេះ តាមរយៈការផ្សព្វផ្សាយអំពីគោលនយោបាយគណបក្ស ក៏ដូចជាការបង្ហាត់បង្រៀនប្រជាពលរដ្ឋអំពីរបៀបគូសសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្ត្តិទី៧ មានរយៈពេល២១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង។
នាយឧត្តមសេនីយ៍ ឈុំ សុជាត ជឿជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សអភិវឌ្ឍជាក់ស្តែង បង្កើតសមិទ្ធផលបន្តបន្ទាប់ ហើយមិនដែលបោះបង់ប្រជាពលរដ្ឋនោះ នឹងនៅតែបន្តទទួលបានជោគជ័យ នៅក្នុងការបោះឆ្នោតខាងមុខនេះ។ លោកប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនសម្រាប់ថ្ងៃអនាគតផងដែរ៕