(ភ្នំពេញ)៖ ឆ្នាំ២០២៣ គឺជាខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជា-ចិន និងជាឆ្នាំមិត្តភាពកម្ពុជា-ចិន។ នៅថ្ងៃទី១៩ ខែកក្កដា ជាថ្ងៃរំលឹកខួបការបង្កើតចំណងការទូតកម្ពុជា-ចិន កម្មវិធី «សូមយ៉ាយ៉ាឆ្លើយ» និង កម្មវិធី «នាទីប្រទេសចិន» ដែលរៀបចំគម្រោង និងផលិតដោយវិទ្យុមិត្តភាពកម្ពុជា-ចិន នឹងចាក់ផ្សាយនៅលើវេទិកាផ្សេងៗនៃវិទ្យុមិត្តភាពកម្ពុជា-ចិន ព្រមទាំងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍សំខាន់ៗនៃប្រទេសកម្ពុជា ដោយប្រើប្រាស់ភាសារូបភាពដ៏រស់រវើករៀបរាប់អំពីសាច់រឿងអភិវឌ្ឍន៍ រវាងប្រទេសទាំងពីរ កម្ពុជានិងចិន។

ក្នុងនោះ កម្មវិធី «សូមយ៉ាយ៉ាឆ្លើយ» គឺជាកម្មវិធីមួយ សួរសំណួរឆ្លើយឆ្លងមួយ ចាក់ផ្សាយប្រចាំសប្ដាហ៍។ ពិធីការិនី យ៉ាយ៉ា ប្រមូលសំណួរពីមិត្តអ្នកលេងអិនធឺណែត ជ្រើសរើសយកបញ្ហាដែលមិត្តអ្នកលេងអិនធឺណែតចាប់អារម្មណ៍បំផុត នាំផ្លូវទស្សនិកជន ចូលជ្រៅទៅគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកចម្លើយ។ មិនថាទេសភាពធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ ប្រពៃណីទំនៀមទម្លាប់ ឬ វឌ្ឍនភាពសេដ្ឋកិច្ច គម្រោងសាងសង់រួម ព្រឹត្តិការណ៍ទំនាក់ទំនង នៃប្រទេសទាំងពីរកម្ពុជា និងចិនទេ យ៉ាយ៉ានឹងប្រើប្រាស់ការណែនាំរបស់ខ្លួន ដើម្បីបំបែកអាថ៌កំបាំងជូនទស្សនិកជន ឱ្យទស្សនិកជនកម្ពុជាកាន់តែបានយល់ពីភាពទាក់ទាញ និង សក្ដានុពលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

កម្មវិធី «នាទីប្រទេសចិន» គឺជាកម្មវិធីប្រភេទព័ត៌មានមួយ ចាក់ផ្សាយប្រចាំសប្ដាហ៍។ ជារៀងរាល់សប្ដាហ៍ កម្មវិធីនឹងនាំមកជូនទស្សនិកជន នូវព័ត៌មានថ្មីៗ និងប្រធានបទពេញនិយមនៅក្នុងប្រទេសចិន ដើម្បីឱ្យទស្សនិកជនយល់ដឹងពីសមិទ្ធផលអភិវឌ្ឍន៍ និង បរិយាកាសសង្គមចិន តាមរយៈគ្រប់វិស័យ ដូចជានយោបាយ សេដ្ឋកិច្ច និងវប្បធម៌ជាដើម។

តាមដឹង កម្មវិធី «ជជែកជាមួយភ្ញៀវយុវជន» ដែលរៀបចំគម្រោង និង ផលិតដោយវិទ្យុមិត្តភាពកម្ពុជា-ចិន ក៏នឹងមកជួបទស្សនិកជនកម្ពុជា នៅចុងខែកក្កដានេះផងដែរ។ នេះ គឺជាកម្មវិធីជជែកវែកញែកទស្សនៈយុវជនមួយ។ កម្មវិធីនេះ អញ្ជើញយុវជនកម្ពុជា និង ចិនមកពីគ្រប់វិស័យ ខុសៗគ្នា មកជជែកគ្នាជុំវិញប្រធានបទក្ដៅៗ និងបញ្ហាដែលយុវជនយកចិត្តទុកដាក់ បង្ហាញចម្លើយរបស់យុវជនចេញពីចក្ខុវិស័យខុសៗគ្នា ចំពោះពិភពលោក ក្នុងគោលបំណងផ្ញើសំឡេងយុវជន និងបញ្ជូនកម្លាំងយុវជន ។

វិទ្យុមិត្តភាពកម្ពុជា-ចិនមានគោលបំណង បង្ហាញពីពហុបែប និង ចំណុចរួម រវាងទំនៀមទម្លាប់ប្រពៃណី ប្រវត្តិសាស្ត្រវប្បធម៌ ការអភិវឌ្ឍសេដ្ឋកិច្ច វឌ្ឍនភាពសង្គម នៃប្រទេសទាំងពីរកម្ពុជា និង ចិន តាមរយៈកម្មវិធីទូរទស្សន៍ ប្រកបដោយទម្រង់សំបូរបែប ដើម្បីជំរុញការផ្សារភ្ជាប់ទឹកចិត្តប្រជាជនប្រទេសទាំងពីរ និងចូលរួមជាកម្លាំងក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជាចិនក្នុងយុគសម័យថ្មី៕