(ព្រៃវែង)៖ លោក បេ ទាឡេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំអង្គរស រួមជាមួយក្រុមការងារ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បាននាំយកទៀនព្រះវស្សា ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន៥ គឺវត្តពន្លៃ វត្តខន្តីរស្មីព្រហ្មសែន វត្តអង្រ្គង វត្តសំបួរ និងវត្តស្រះតាអឹម ស្ថិតក្នុងឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។
សូមជម្រាបថា តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សា មានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ក្នុងរយៈពេលនេះ ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅ ឆ្ងាយៗពីវត្តបាននោះទេ ត្រូវគង់នៅចាំព្រះវស្សាក្នុងវត្ត រហូតគ្រប់៣ខែ ដើម្បីរៀនសូត្រធម៌អារ្យ ក្បួនច្បាប់ តាមពិទ្ធានុញ្ញាតិ ដោយខិតខំផ្ចង់សំភី សិក្សារៀនសូត្រ ក្រោមពន្លឺភ្លើងទៀនព្រះវស្សា ដែលបានដុតបំភ្លឺដោយឆេះរហូតមិនអោយដាច់។ រយៈពេល៣ខែនេះ ហើយដែលពុទ្ធបរិស័ទ ត្រូវបំពេញកុសល ជួយផ្គត់ផ្គង់ដល់ព្រះសង្ឃដែលជាស្រែបុណ្យ នៅពេលព្រះសង្ឃមិនអាចនិមន្តចេញបិណ្ឌបាត្របាន។
ឆ្លៀតឱកាសដ៏មានតម្លៃនេះ លោក បេ ទាឡេង និងក្រុមការងារបានចុះពិនិត្យសំណង់អគារសិក្សា របស់សាលាបឋមសិក្សាទួលតាសែន ដែលកំពុងសាងសង់ ដើម្បីពិនិត្យពីតម្រូវការ និងលទ្ធភាពជួបឧបត្ថម្ភក្នុងកសាងបន្ថែម៕