(កំពង់ធំ)៖ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លោក ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បន្តចុះជួបសំណេះសំណាល ផ្សព្វផ្សាយគោលនយោបាយគណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវជូនប្រជាពលរដ្ឋ នៅភូមិអូរកន្ធរជើង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ប្រមាណជា ១០០ នាក់ ។

លោក ងួន រតនៈ បានថ្លែងថា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ យើងត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលរៀបចំឡើងនៅថ្ងៃទី២៣ ខែកក្កដាឆាប់ៗខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។ ហើយបោះឆ្នោតជូនគណបក្សណាដែលខ្លួនស្រឡាញ់ពេញចិត្ត ជាពិសេសគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសជាតិ និងធានាបាននូវសុខសន្តិភាព។

លោកបញ្ជាក់បន្ថែមថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ប្រៀបបានទៅហ្នឹងការបោះឆ្នោតជូនខ្លួនឯង និងយុវជនជំនាន់ក្រោយ ព្រោះថាគណបក្សប្រជាជនកម្ពុជា ធ្វើគ្រប់បែបយ៉ាងដើម្បីការពារប្រទេសជាតិ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋ បានសម្តែងការគាំទ្រ និងសប្បាយរីករាយស្វាគមន៍យ៉ាងខ្លាំងចំពោះការចុះសំណេះសំណាល និងការបង្ហាញនូវគោលនយោបាយរបស់បក្ស រួមទាំងការបង្រៀនគូសសន្លឹកឆ្នោត ដែលដឹកនាំដោយលោក ងួន រតនៈ ។

ប្រជាពលរដ្ឋប្ដេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨នៅលើសន្លឹកឆ្នោតគ្រប់ៗគ្នា ព្រោះជាជម្រើសដ៏ល្អនិងត្រឹមត្រូវបំផុតដើម្បីចូលរួមថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍកសាងសមិទ្ធផលនានាថ្មីៗបន្ថែមទៀត ទៅលើសមិទ្ធផលជាច្រើនរាប់មិនអស់របស់គណបក្សប្រជាជនកម្ពុជា៕