(កំពង់ធំ)៖ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានទៅសំណេះសំណាលជាមួយប្រធានក្រុមបក្ស និងប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីណែនាំអំពីតួនាទីភារកិច្ចរបស់ប្រធានក្រុមបក្សនិងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតបានការដើម្បីបោះជូនគណបក្សប្រជាជនកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រមាណជាង១០០នាក់ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។
លោក សោម ស៊ុន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានរំដោះអាយុជីវិតប្រជាជនកម្ពុជា នៅទូទាំងប្រទេសឲ្យរួចផុតពីសេចក្តីស្លាប់ នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតហើយបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញធ្វើឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។
លោកបានណែនាំដល់ប្រធានក្រុមបក្សទាំងអស់ ត្រូវគ្រប់គ្រងសមាជិកបក្សត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាក់អត្តសញ្ញាណឲ្យបានត្រឹមត្រូវហើយត្រូវដឹកនាំសមាជិកបក្សក្នុងក្រុមនីមួយៗ អញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា។
លោកបានផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានលេខ០០៥របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយផ្តោតលើមាត្រាទ១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រដែលបានចែងថា៖ ត្រូវផាកពិន័យជាប្រាក់ចំនួន៥.០០០.០០០រៀលទៅ២០.០០០.០០០រៀល ដោយ គ.ជ.ប ដោយពុំគិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលធ្វើសកម្មភាពគ្រប់ មធ្យោបាយទុច្ចរិត ណែនាំឬញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញឬធ្វើឲ្យខូចសន្លឹកឆ្នោត ។
លោក សោម ស៊ុន បានបន្តទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះនីមួយៗ ណែនាំអំពីរបៀបគូសសន្លឹកឆ្នោតបានការ និងបានអញ្ជើញសមាជិកគណបក្សនិងប្រជាពលរដ្ឋទាំងអស់ មេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨នៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំមកនូវសន្តិភាពព្រមទាំងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្តទៅទៀត៕