(ព្រះវិហារ)៖ លោក យឹម បញ្ញា អភិបាលរងខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់បុគ្គលិក កម្មករ និយោជិត ដែលបម្រើការងារក្នុងក្រុមហ៊ុនទ្រីភាព អ៊ីមផត-អ៉ិចផត ទាំងអស់ ដែលមានទីតាំងស្ថិតក្នុងស្រុករវៀង សូមត្រៀមអត្តសញ្ញាណបណ្ណសម្គាល់ខ្លួន និងឯកសារផ្សេងៗដែលបម្រើឱ្យការងារបោះឆ្នោតបាន សូមអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ការថ្លែងអំពាវនាវរបស់លោក យឹម បញ្ញា ក្នុងឱកាសដែលលោកតំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចុះជួបសំណេះសំណាល និងចែកបណ្ណ ប.ស.ស ចំនួន២២៤ក្បាលដល់បុគ្គលិក កម្មករ កម្មាការនី ចំនួន២២៤នាក់ ដែលប្រើការងារនៅក្រុមហ៊ុនទ្រីភាព អ៊ីមផត-អ៊ិចផត ដោយមានការចូលរួមពីលោកប្រធាន ប.ស.ស ខេត្ត លោកអភិបាលស្រុករវៀង តំណាងក្រុមហ៊ុនទ្រីភាព លោកមេឃុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះ លោក យឹម បញ្ញា បានថ្លែងលើកឡើងពីផលប្រយោជន៍ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជានកម្ពុជា បាននឹងកំពុងផ្តល់ជូន កម្មករ កម្មការនី និយោជិត ក្នុងវិស័យឯកជនរួមមាន៖
* ទទួលបានរបបធានារ៉ាប់រងសង្គម គឺបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ផ្នែកហានិភ័យការងារ គឺទទួលបានការព្យាបាលដោយមិនអស់ថវិកា ការបង់វិភាគទានគឺជាកាតព្វកិច្ចរបស់និយោជក។ ផ្នែកថែទាំសុខភាព ទទួលបានការពិនិត្យដោយមិនអស់ថវិកា ការបង់វិភាគទានជាកាតព្វកិច្ចរបស់និយោជក ផ្នែកសោធននិវត្តន៍ គឺកម្មករ និយោជិត ទទួលបានប្រាក់ចូលនិវត្តន៍នៅពេលពួកគាត់មានអាយុ៦០ឆ្នាំ ការបង់វិភាគទានគឺកម្មករ-និយោជិត២% និងនិយោជក២%។
* ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាលចំនួន៤ដង និងការពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ២ឆ្នាំ ចំនួន១០ដង ដូចការផ្តល់ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ដែរ។

លោកអភិបាលរងខេត្តព្រះវិហារ ក៏បានថ្លែងប្រាប់ បុក្គលិក កម្មករ និយោជិត ពីជំហររបស់រាជរដ្ឋាភិបាល ដែលបានខិតខំកៀរគរឱ្យបរទេសចូលមកវិនិយោគនៅកម្ពុជា ខុសពីបក្សប្រឆាំងដែលតែងតែ សុំឲ្យបរទេសផ្តាច់ជំនួយ និងដាក់ទណ្ឌកម្ម លើកម្ពុជា តែបើបរទេសធ្វើតាមសំណូមពររបស់ពួកបក្សប្រឆាំង អ្នកដែលរងផលប៉ះពាល់គឺបងប្អូន បុគ្គលិក កម្មករ និយោជិតនេះឯង។ ស្របពេលដែលរាជរដ្ឋាភិបាល អនុញ្ញាតឲ្យឈប់សម្រាក ចំនួន៣ថ្ងៃគឺថ្ងៃទី២២-២៣-២៤ ខែកក្កដា សូមបងប្អូនអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដោយមិនត្រូវជឿតាមការញុះញុងរបស់ក្រុមប្រឆាំងមួយក្តាប់តូចនោះទេ៕