(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លោក នូណូ ហ្គូមេស ណាប៊ីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងអំឡុងពេលទស្សនកិច្ច លោក នូណូ ហ្វូមេស ណាប៊ីអេ នឹងអញ្ជើញចូលជួប សម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន និងចូលរួមកម្មវិធីអាហារពេល ល្ងាចការងារ ដែលរៀបចំដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ជំនួបនេះនឹងផ្តល់ឱកាសសម្រាប់ថ្នាក់ដឹកនាំទាំងពីរ ធ្វើការពិភាក្សាលើប្រធានបទទ្វេភាគីមួយចំនួន រៀបចំផែនការសកម្មភាពនានា សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។ ជាមួយគ្នានេះ លោក នូណូ ហ្គូមេស ប៊ីអេ ក៏នឹងជួបសន្ទនាផងដែរជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាផងដែរ។

លោក នូណូ ហ្គូមេស ណាប៊ីអេម នឹងឆ្លៀតឱកាសនេះផងដែរ ចូលរួមសង្កេតការណ៍ ដោយផ្ទាល់ការបោះឆ្នោតសកលនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើការផ្លាស់ប្ដូរបទពិសោធន៍ស្តីពីការបោះឆ្នោត។

ដំណើរទស្សនកិច្ចការងារជាលើកដំបូងរបស់ លោក នូណូ ហ្វូមេស ណាប៊ីអេម មកកាន់ កម្ពុជា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយ នៅក្នុងទំនាក់ទំនងជាមិត្តរវាងប្រទេសទាំងពីរ ព្រម ទាំងនឹងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីជាផល ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕