(បន្ទាយមានជ័យ)៖ លោក សេរី កុសល តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងក្រុមការងារចុះជួយស្រុកភ្នំស្រុក នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិយាងឧត្ដម ចំនួនប្រមាណ៣០០នាក់ និងសមាជិកមកពីបក្សផ្សេងៗ ចំនួន៤៨នាក់ ក្នុងនោះមានសមាជិកបក្សភ្លើងទៀន និងបក្សរួបរួមជាតិ។

ក្នុងឱកាសនោះ លោក សេរី កុសល បានរំលឹកឡើងវិញ នូវកាតព្វកិច្ចប្រជាពលរដ្ឋខ្មែរ ដែលត្រូវតែអញ្ជើញទៅចូលរួមបោះឆ្នោត ដោយកុំជឿពាក្យអកុសលរបស់បក្សប្រឆាំង ជាពិសេសការបោះឆ្នោតនេះ គឺជាការបោះឆ្នោតធំ ក្នុងការជ្រើសរើសរាជរដ្ឋាភិបាលថ្មី។

ទន្ទឹមគ្នានេះ លោក សេរី កុសល ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវអញ្ជើញចូលរួមទៅបោះឆ្នោត ឲ្យបានច្រើនកុះករ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចជាបង្ហាញអំពីការចូលរួមសាមគ្គីភាពគ្នា ដើម្បីថែរក្សាសុខសន្ដិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះ លោក សេរី កុសល ក៏បន្ដអំពាវនាវឲ្យប្រជាពលរដ្ឋ​ យល់អំពីឧបាយកល នៃអ្នកនយោបាយអគតិ របស់លោក សម រង្សី ការមិនចូលរួមបោះឆ្នោត គណបក្សភ្លើងទៀន និងពន្យល់មូលហេតុនៃការមិនបានចូលរួមបោះឆ្នោតរបស់បក្សនេះ ចែកជូនប្រជាពលរដ្ឋ​ ឲ្យបានយល់ជ្រាប។

ក្នុងឱកាសនោះ លោក សេរី កុសល បានពាំនាំនៅការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់សុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ដោយបានថែរក្សានៅសុខសន្តិភាព ស្ថេរភាពនយោបាយរហូតមកដល់ពេលនេះ។

លោក សេរី កុសល បានលើកឡើងថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះពីរបបអាវខ្មៅ ហើយប្រជាជនទាំងមូល បានរស់សារជាថ្មី គឺនៅពេលនោះហើយ ដែលទីវត្តអារាម ដែលជាកន្លែងគោរពបូជា របស់ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋត្រូវបានស្ដារឡើងវិញ និងបង្កើតឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេស។

លោក សេរី កុសល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងអណត្តិទី៧នេះជាបន្តទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត។

ពិធីសំណេះសំណាលនេះបានបញ្ចប់ទៅភាពរីករាយ និងមានការហូបនំបញ្ចុក និងការ៉េមកីរួមគ្នា ដើម្បីបង្ហាញពីការសាមគ្គីភាព និងមិត្តភាព៕