(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាសាកលវិទ្យាល័យដំបូងគេ នៅកម្ពុជាដែលត្រូវបានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃចក្រភពអង់គ្លេស បានជ្រើសរើសដើម្បីជួយឱ្យក្លាយទៅជាគ្រឹះស្ថានអប់រំឧត្តមសិក្សា ដែលមានស្តង់ដារអន្តរជាតិ បន្ទាប់ពីបានវាយតម្លៃខ្ពស់ ពីការចូលរួមអភិវឌ្ឍន៍វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា ។

នៅក្នុងកិច្ចប្រជុំពិភាក្សា និងផ្តល់អនុសាសន៍ពង្រឹង និងលើកកម្ពស់គុណភាពអប់រំថ្នាក់ឧត្តមសិក្សា ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ មន្ត្រីអធិការកិច្ចនៅតាមសាកលវិទ្យាល័យ របស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃចក្រភពអង់គ្លេស បានលើកឡើងថា ការពិនិត្យនេះ បានផ្ដោតទៅលើកម្មវិធិសិក្សា ការបង្រៀនរបស់សាស្ត្រាចារ្យ ក៏ដូចជាដំណើរការក្នុងការសិក្សារបស់និស្សិត ហើយបន្ទាប់ពីពិនិត្យឃើញថា សាកលវិទ្យាល័យនេះកំពុងមានការអភិវឌ្ឍល្អ ។

តំណាងទាំងនោះ បានបន្ថែមថា ចំណុចខ្លាំងរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺការផ្ដល់ឱកាស និងផ្ដល់អាហារូបករណ៍ដល់និស្សិតក្រីក្រ មានការកម្មវិធីមនុស្សធម៌ សប្បុរសធម៌ ជាពិសេសជួយលើកកម្ពស់ស្ត្រីជាជនជាតិដើមភាគតិច ដែលចំណុចទាំងអស់នេះហើយ ទើបចង់ជួយឲ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ហើយនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ នឹងមានការផ្ដល់ជូននូវពានរង្វាន់ ដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាផងដែរ។

លោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្ដេជ្ញាចិត្ត ក្នុងការកែលម្អបន្ថែមទៀត នូវចំណុចខ្វះខាត ដែលបានលើកឡើង និងផ្ដល់នូវអនុសាសន៍ របស់គណៈកម្មាធិការវាយតម្លៃគុណភាពអប់រំ នៃចក្រភពអង់គ្លេស ដើម្បីធ្វើឲ្យសាលាកាន់តែមានការរីកចម្រើនល្អបន្ថែមទៀត ។

ក្នុងឱកាសនោះសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានសង្ឃដីកាថា នេះជាផ្លែផ្កាមួយ បានបង្ហាញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ ជាមួយនេះ សម្ដេចព្រះមហាសង្ឃរាជ បានថ្លែងអំណរគុណដល់ គណៈកម្មាធិការវាយតម្លៃគុណភាពអប់រំ នៃចក្រភពអង់គ្លេស ដែលគ្រោងជួយអភិវឌ្ឍគ្រឹះស្ថានអប់រំឧត្តមសិក្សានៅកម្ពុជា បើទោះបីជាជនជាតិផ្សេងគ្នា ប៉ុន្តែមានគោលដៅដូចគ្នា ក្នុងការជួយលើកស្ទួយវិស័យអប់រំ នៅក្នុងពិភពលោកឲ្យកាន់តែមានភាពរីកចម្រើន ៕