(ភ្នំពេញ)៖ ក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ចេញលិខិតអំពាវនាវ ឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដោយប្រើសិទ្ធិសេរីភាព ក្នុងការជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ។ នេះបើតាមលិខិតអំពាវនាវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកក្កដា។

លិខិតអំពាវនា បានឲ្យដឹងថា ទន្ទឹមនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ កំពុងខិតជិតមកដល់ ដោយស្របជាមួយព្រះរាជសារអំពាវនាវរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត យើងខ្ញុំក្នុងនាមជាប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារ គ្រីស្ទបរិស័ទកម្ពុជា សូមអំពាវនាវដល់ លោកគ្រូគង្វាល ចាស់ទុំ អ្នកដឹកនាំតាមបណ្តាព្រះវិហារ ស្នាក់ការថ្វាយបង្គំ អង្គការ សមាគម និង បងប្អូន គ្រីស្ទបរិស័ទទាំងអស់ ដែលជាសមាជិក សមាជិកា របស់ក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទូទាំង ២៥ រាជធានី-ខេត្ត សូមមេត្តាអញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដោយប្រើសិទ្ធិសេរីភាព ក្នុងការជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ក៏នឹងដើម្បីរួមចំណែក ក្នុងការបន្តថែរក្សាការពារនូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ បន្ថែមពីនេះគឺការផ្តល់នូវសិទ្ធសេរីភាពខាងជំនឿ និងសុខដុមនីយកម្មសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចពេលកន្លងមកនេះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ការអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នេះ របស់លោកគ្រូគង្វាល ចាស់ទុំ អ្នកដឹកនាំតាមព្រះវិហារ ស្នាក់ការថ្វាយបង្គំ អង្គការ សមាគម និង បងប្អូនគ្រឹស្ទបរិស័ទទាំងអស់ ក៏ជាការ
បង្ហាញពីការចូលរួម និងការយកចិត្តទុកដាក់ដល់ប្រទេសជាតិរបស់យើងទាំងអស់គ្នា។ ដូច្នេះសូមបងប្អូនមេត្តាអញ្ជើញទៅចូលរួមបោះឆ្នោឲ្យបានគ្រប់ៗគ្នា កុំបីអាក់ខានឡើយ៕