(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសមាគមចង្វាក់បេះដូងសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់គុណភាពព្យាបាល និងថែទាំអ្នកជំងឺកាន់តែប្រសើរ។ ពិធីនេះបានប្រព្រឹត្ដទៅនៅសាលសន្នីសីទអគារតេជោសន្តិភាព ជាន់ទី៨ នៃមន្ទីរពេទ្យកាល់ម៉ែត។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងក្រោមវត្ដមានលោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយករងនៃមនី្ទរពេទ្យកាល់ម៉ែត លោកសាស្ត្រាចារ្យ Chun HWANG ទីប្រឹក្សាកិត្តិយសជាន់ខ្ពស់ នៃសមាគមចង្វាក់បេះដូងសាធារណរដ្ឋកូរ៉េ និងសហការីតំណាងសមាគមចង្វាក់បេះដូងសាធារណរដ្ឋកូរ៉េ រួមទាំងសាស្ត្រាចារ្យទីប្រឹក្សា និងអគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែតផងដែរ។

លោកសាស្ត្រាចារ្យ គង់ សន្យា បានថ្លែងថា ថ្ងៃនេះ ក្នុងនាមតំណាងសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យ លោកមានសេចក្តីសោមនស្សរីករាយ និងសាទរយ៉ាងខ្លាំងក្រៃលែង ចំពោះការចុះអនុស្សារណៈយោគយល់គ្នារវាងមន្ទីរពេទ្យកាល់ម៉ែត និងសមាគមចង្វាក់បេះដូងសាធារណរដ្ឋកូរ៉េ។

លោកសាស្ដ្រាចារ្យក៏បានថ្លែងអំណរគុណចំពោះ លោកសាស្ត្រាចារ្យ Chun HWANG ក៏ដូចជាសមាគមទាំងមូល ដែលបានខិតខំប្រឹងប្រែងបង្កើតឱ្យមានកិច្ចសហការនេះឡើង ផ្តោតសំខាន់ទៅលើការជួយបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍ ការឧបត្ថម្ភសម្ភារៈបច្ចេកទេសចាំបាច់ និងការសិក្សាស្រាវជ្រាវនានា សម្រាប់បម្រើផលប្រយោជន៍វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសចូលរួមលើកកម្ពស់គុណភាពព្យាបាល និងថែទាំអ្នកជំងឺនៅមជ្ឈមណ្ឌលដេប៉ាតឺម៉ង់ព្យាបាលជំងឺបេះដូង ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
 
«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការចុះអនុស្សរណៈយោគយល់រវាងភាគីទាំងពីរជាផ្លូវការនាពេលនេះ នឹងបង្កើនចំណងមិត្តភាពយូរអង្វែងរវាងភាគីទាំងពីរ ជាមួយនឹងការផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនូវបច្ចេកទេសវេជ្ជសាស្ត្រ និងបទពិសោធន៍បច្ចុប្បន្នភាព សំដៅជួយបង្កើនសមត្ថភាពដល់វេជ្ជបណ្ឌិតឯកទេសរបស់មន្ទីរពេទ្យកាល់ម៉ែត និងសមាគមចង្វាក់បេះដូងសាធារណរដ្ឋកូរ៉េ ដើម្បីបម្រើជូននូវសេវាសុខភាពផ្នែកបេះដូងជូនដល់អ្នកជំងឺ និងក្រុមគ្រួសារ ដែលកំពុងត្រូវការជួយសង្គ្រោះពីវេជ្ជបណ្ឌិតជំនាញរបស់យើង»។ នេះតាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ គង់ សន្យា។
 
ឆ្លៀតក្នុងឱកាសនេះ លោកសាស្ដ្រាចារ្យក៏សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសាស្ត្រាចារ្យប្រធានដេប៉ាតឺម៉ង់ និងមន្ត្រី-បុគ្គលិក បម្រើការងារនៅមជ្ឈមណ្ឌលដេប៉ាតឺម៉ង់ព្យាបាលជំងឺបេះដូង និងលោក លោកស្រីជាអ្នកដឹកនាំគ្រប់ផ្នែក ដែលបានសហការគ្នា ព្រមទាំងខិតខំប្រឹងប្រែងអស់លទ្ធភាព ក្នុងបេសកកម្ម ពិនិត្យ និងព្យាបាលអ្នកជំងឺពីគ្រប់មជ្ឈដ្ឋាន៕