(កំពង់ចាម)៖ លោក ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានថ្លែងអំពាវនាវយ៉ាងទទូចដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ សូមកុំចាញ់បោកការអូសទាញក្រុមនយោបាយមួយចំនួនដែលធ្វើឲ្យសង្គមជាតិជួបភាពវឹកវរ និងចលាចលជាក់ជាមិនានឡើយ។
ការថ្លែងរបស់តំណាងរាស្រ្តរូបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ ពេលអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបង ប្អូនសាសនិកឥស្លាម នៅឃំុកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះក្រៅពីការពាំនាំក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ជូនចំពោះបងប្អូនសាសនិកឥស្លាម លោកអ្នកតំណាងរាស្ត្រ ក៏បានជម្រាបជូនបងប្អូន បានជ្រាបពីវឌ្ឍនភាពរីកចម្រើន នៃសេដ្ឋកិច្ច សង្គម និងវប្បធម៌ ក្នុងបរិបទនៃសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ មានសេរីភាពគ្រប់បែបយ៉ាងទាំងជំនឿ និងសាសនា។
លោក ចាយ បូរិន ក៏បានក្រើនរំលឹក និងលើកទឹកចិត្តដល់បងប្អូនសានិកឥស្លាមទាំងអស់ប្រកាន់ឱ្យប្រកាន់ខ្ជាប់នូវជំហរសាមគ្គីភាព រួមគ្នាការពារបូរណភាពទឺកដី ព្រោះយើងជាជាតិសាសន៍តែមួយ គ្រាន់តែជំនឿ សាសនាផ្សេងគ្នា។
បន្ថែមពីលើនេះ លោក ចាយ បូរិន បានបញ្ជាក់ថា «សូមបងប្អូនកុំជឿលើការអូសទាញ ញុះញុង ពីសំណាក់មនុស្ស ឬក្រុម ឬចលនា អគតិជ្រុលនិយមណាមួយដែលនាំឱ្យសង្គមយើងបែកបាក់ ប្រេះឆា អសន្តិសុខ និងសង្គ្រាម»។
លោកអ្នកតំណាងរាស្ត្រ ក៏បានជម្រុញលើកទឹកចិត្តឱ្យបងប្អូន ខិតខំប្រកបរបរការងារផ្សេងៗ ដើម្បីបង្កើនជីវភាពរស់នៅ ប្រចាំថ្ងៃឱ្យសំបូរសប្បាយតរៀងទៅ ។
ជាចុងបញ្ចប់លោកអ្នកតំណាងរាស្ត្រ ក៏បានក្រើនរំលឹកឱ្យបងប្អូន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ក្នុងការធ្វើ អត្តសញ្ញាណប័ណ្ណថ្មី និងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីប្រើសិទ្ធិរបស់បងប្អូនក្នុងការជ្រើសរើសអ្នកដឹកនាំ ដែលផ្តល់នូវសុខសន្តិភាព សេរីភាពគ្រប់បែបយ៉ាងទាំងជំនឿ និងសាសនា និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ៕