(ភ្នំពេញ)៖ កម្ពុជា និងអាល្លឺម៉ង់ បានប្ដេជ្ញារួមគ្នា អនុវត្ដគម្រោងសុខភាពតែមួយ (One Health) ឱ្យបានរលូន និងជោគជ័យ ដើម្បីជាគំរូមួយសម្រាប់កម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងនៅលើពិភពលោក។

ការប្ដេជ្ញារួមគ្នានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ និងសម្ដែងការគួរសមរវាងលោកស្រីវេជ្ជបណ្ឌិត យក់ សម្បតិ្ដ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និង លោកស្រី Andrea Godon នាយកគម្រោង (Principal Portfolio Manager) នៃធនាគារអភិវឌ្ឍអាល្លឺម៉ង់ (KfW) ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការស្វាមគន៍យ៉ាងកក់ក្តៅចំពោះបេសកកម្ម របស់លោកស្រីនាយកគម្រោង និងថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្រ ដល់វិស័យសុខាភិបាលទាំងបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈធនាគារអភិវឌ្ឍអាល្លឺម៉ង់ (KfW) ដែលបានជួយកម្ពុជាតាំងពីឆ្នាំ២០០៦ លើគម្រោងលើកកម្ពស់គុណភាពនិងសមធម៌សុខាភិបាល កម្មវិធីគាំពារសុខភាពសង្គម និងកម្មវិធីអាហារូបត្ថម្ភ។

លោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏បានជម្រាបជូនភាគីមិត្តអំពីវឌ្ឍនភាពនៃការរៀបចំគម្រោងសុខភាពតែមួយ និងបានស្នើសុំអនុវត្តការសិក្សាលទ្ធភាពគម្រោងឱ្យបានលឿន ព្រមទាំងត្រូវមានលក្ខណៈងាយស្រួល ជាក់លាក់ និងអាចអនុវត្តបាន។

ជាការឆ្លើយតប លោកស្រី Andrea Godon បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល ដែលបានសហការ សម្របសម្រួល និងគាំទ្រធនាគារអភិវឌ្ឍអាល្លឺម៉ង់ (KfW) ក្នុងការអនុវត្តគម្រោងលើកកម្ពស់គុណភាពនិងសមធម៌សុខាភិបាល និងគម្រោងសុខភាពតែមួយ (One health)។

លោកស្រីនាយកគម្រោងក៏បានសម្តែងនូវការកោតសរសើរ ចំពោះការរៀបចំគម្រោងសុខភាពតែមួយប្រកបដោយបុរេសកម្ម និងបានឯកភាពក្នុងការជំរុញការអនុវត្តការសិក្សាលទ្ធភាពគម្រោងឱ្យបានលឿន ដែលមានលក្ខណៈងាយស្រួល ជាក់លាក់ និងអាចអនុវត្តបាន។ លោកស្រីក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងការផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោងសុខភាពតែមួយ ដែលនឹងអាចចាប់ផ្តើមអនុវត្តនាពាក់កណ្តាលឆ្នាំ២០២៤ខាងមុខ៕