(កែប)៖ កាលពីព្រឹកថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត សោម ពិសិដ្ឋ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកែប បានអញ្ជើញចុះពិនិត្យ និង រំដោះទឹកដែលស្ទះដោយសារទឹកភ្លៀង ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិកែប សង្កាត់កែប ក្រុងកែប។
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលអាកាសធាតុ ដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឲ្យតំបន់មួយចំនួនរងការជន់លិច ហើយធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ពលរដ្ឋផងដែរ។ សម្រាប់ប្រជាពលរដ្ឋនៅសង្កាត់កែប ជាប់មាត់សមុទ្រ ក៏ទទួលរងឥទ្ធិពលផងដែរ ដោយលំនៅដ្ឋានខ្លះត្រូវបានទឹកជន់លិច តែមិនទាន់ធ្ងន់ធ្ងរនោះឡើយ។
ប្រឈមនឹងបញ្ហានេះ លោកបណ្ឌិត សោម ពិសិដ្ឋ ក្នុងនាមជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តកែប បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋទាំងនោះ និងត្រៀមជួយអន្តរាគមន៍ករណីរងគ្រោះកាន់តែខ្លាំង។
ជាមួយគ្នានេះ លោកបណ្ឌិត សោម ពិសិដ្ឋ បានណែនាំឲ្យមន្រ្តី និងអាជ្ញាធរមូលដ្ឋាន ត្រូវតាមដានជាប់ជាប្រចាំចំពោះស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបញ្ហាអាកាសធាតុ ហើយត្រូវជូនព័ត៌មានភ្លាមៗដល់លោក ដើម្បីមានវិធានការដោះស្រាយជូន។
នៅក្នុងឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានណែនាំប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងថែរក្សាសុខភាព ជាពិសេសមើលថែកូនចៅតូចៗ ឲ្យបានល្អខ្លាចក្រែងរងគ្រោះដោយសារជំំនន់ទឹកទាំងនេះ។ ជាចុងក្រោយ លោកបណ្ឌិត សោម ពិសិដ្ឋ បានប្រាប់ឲ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៀត ដើម្បីឲ្យសង្គមជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍកាន់តែខ្លំាំងថែមទៀត៕