(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីរាជការជំនាញ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណកម្មសិទ្ធិដីធ្លី លក្ខណៈជាប្រព័ន្ធចំនួន ១.៥៨៨ប័ណ្ណ ជូនប្រជាពលរដ្ឋមកពីភូមិព្រៃពក និងភូមិត្រពាំងវែងខាងលិច ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។

នាឱកាសនោះ លោកអភិបាលខេត្ត ម៉ៅ ធនិន បានថ្លែងថា ការចុះវាស់វែងដីធ្លីឈានដល់ការផ្តល់ប័ណ្ណកម្មសិទ្ធិនាពេលនេះ គឺជាកម្មវិធីនយោបាយមួយរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រជាពលរស់នៅយ៉ាងសុខសាន្ត មានលំនឹងផ្លូវចិត្ត ជំរុញដល់សេដ្ឋកិច្ចគ្រួសារពលរដ្ឋ សង្គម និងកាត់បន្ថយភាពក្រីក្រ និងបញ្ហាវិវាទដីធ្លីជាដើម។ 

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋដែលទើបតែទទួលបានប័ណ្ណកម្មសិទ្ធិទាំងអស់ ត្រូវយកប័ណ្ណកម្មសិទ្ធិនេះរក្សាទុក និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ចៀសវាងការបាត់បង់។ ម្យ៉ាងវិញទៀត ពេលដែល ទទួលបានប័ណ្ណកម្មសិទ្ធិហើយនោះ កុំមានការឈ្លោះទាស់ទែងគ្នាអំពីបញ្ហាព្រំដី ព្រោះម្នាក់ៗសុទ្ធតែបានផ្តិតមេដៃយល់ព្រមទទួលយកទាំងអស់គ្នារួចរាល់ហើយ។ ចំពោះសំណុំរឿងដែលវិវាទលើបញ្ហាដីធ្លី ដែលមានប័ណ្ណ កម្មសិទ្ធិនេះ មិនអាចដោះស្រាយបានទេ ទាល់តែស្ថាប័នច្បាប់ គឺតុលាការ ទើបអាចដោះស្រាយបាន។

ក្នុងពិធីនោះដែរ ក៏មានការបិទផ្សាយសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិព្រៃឃ្មុំ ឃុំខ្ចាយខាងជើង និងភូមិព្រៃគគីរ ឃុំដងទង់ ស្រុកដងទង់ផងដែរ។ លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីខេត្តកំពត បានអំពាវនាវដល់ពលរដ្ឋដែលមានដីក្នុងភូមិខាងលើ ឱ្យទៅពិនិត្យផ្ទៀងផ្ទាត់និន្ន័យក្បាលដីឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យមានបញ្ហាក្រោយពេលចេញប័ណ្ណកម្មសិទ្ធិរួច និងថាការពិនិត្យផ្ទៀងផ្ទាត់ ឬតវ៉ា មានរយៈពេល១៥ថ្ងៃ រាប់ចាប់ពីថ្ងៃបិទផ្សាយនេះតទៅ៕