(ភ្នំពេញ)៖ យុវជនខ្មែរក្រោមមួយក្រុមដែលកំពុងរស់នៅ និងសិក្សារៀនសូត្រ​នៅ​​កម្ពុជា បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរក្រោមកំពុងរស់នៅកម្ពុជា​ទាំង​អស់ ទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា ហើយ​​បាន​អំពាវនាវដល់ខ្មែរក្រោមនៅកម្ពុជា មិនគួរយករាជរដ្ឋាភិបាលដឹកនាំ​ដោយ​បក្ស​ប្រជា​ជនកម្ពុជាធ្វើជាសត្រូវនោះឡើយ។

រាល់ខ្មែរក្រោមដែលឡើងមករស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញ​ថា ពួកគេមិនសូវជាមានក្តីសោមនស្សជាមួយរាជរដ្ឋាភិបាលដឹកនាំដោយគណ​បក្សប្រជាជនកម្ពុជានោះឡើយ។ ពួកគេមានទស្សនៈថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​​បក្សប្រជាជនកម្ពុជាមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលវៀតណាម ដែល​គ្រប់គ្រងទឹកដីកម្ពុជាក្រោម។ ទស្សនៈនេះហើយ ដែលធ្វើឱ្យខ្មែរ​ក្រោម​ដែល​​ឡើងមករស់នៅកម្ពុជា ច្រើនមានក្តីសោមនស្ស ឬមនោសញ្ចេតនាជាមួយ​គណ​​បក្សប្រឆាំង ហើយមិនសូវជាស៊ីខ្សែជាមួយបក្សប្រជាជនដែលដឹកនាំរាជ​រដ្ឋា​ភិបាល​នោះឡើយ។

ប៉ុន្តែបច្ចុប្បន្នក៏មានខ្មែរក្រោមមួយចំនួនបានផ្លាស់ប្តូរទស្សនៈរបស់ខ្លួន ដោយ​ងាក​មកគាំទ្រគណបក្សប្រជាជនកម្ពុជា។ ការផ្លាស់ប្តូរក៏ដោយសារតែពួក​គេ​បាន​​​មើលឃើញថា អ្វីដែលពួកគេធ្លាប់គិត ធ្លាប់វាយតម្លៃលើបក្សប្រជាជន​កម្ពុជា​​នោះ គឺមិនត្រឹមត្រូវនោះឡើយ។

លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម គឺជាខ្មែរ​ក្រោម​មួយរូបមានស្រុកកំណើតក្នុងខេត្តព្រះត្រពាំង។ លោក សុធានី បានឡើង​មកកម្ពុជា ដើម្បីសិក្សារៀនសូត្រកាលពីឆ្នាំ២០០១។ បច្ចុប្បន្នលោក សុធានី មានភរិយា មានកូនសាងទ្រនំគ្រួសារយ៉ាងរឹងមាំក្នុងរាជធានីភ្នំពេញ។

លោក សឿង សុធានី កាលពីឆ្នាំ២០១៣ ក៏ជាអ្នកដែលគាំទ្រអតីតគណបក្ស​សង្គ្រោះជាតិ ជាមួយមិត្តភក្តិជាខ្មែរក្រោមមួយចំនួនទៀត។ តែបច្ចុប្បន្នលោក សុធានី បានមានទស្សនៈផ្សេងចំពោះគណបក្សប្រជាជនកម្ពុជា។

លោក សុធានី បានចាត់ទុកអ្វីដែលលោកគិតចំពោះគណបក្សប្រជាជនកម្ពុជា កាលពីពេលមុន គឺជាការគិតមិនបានគ្រប់ជ្រុងជ្រោយ ឬមើលមិនច្បាស់ពី​ទស្ស​នៈដឹកនាំរបស់បក្សប្រជាជនកម្ពុជា។

ពេលនេះយុវជនខ្មែរក្រោមម្នាក់នេះ បានមើលឃើញច្បាស់ពីនយោបាយដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជាលើកិច្ចការអធិបតេយ្យជាតិ ដោយមិនរណប​ប្រទេសណាមួយ ដូចការគិតរបស់ខ្លួនពីមុននោះឡើយ។

ក្រៅពីអធិបតេយ្យ​ជាតិ​​ហើយនោះ លោក សុធានី ក៏បានផ្តល់តម្លៃខ្ពស់ចំពោះ ការដឹកនាំរបស់​បក្សប្រជាជនកម្ពុជា បានធ្វើឱ្យសង្គមកម្ពុជាមានការរីកចម្រើន និងសាងកិត្តិ​នាមខ្ទរខ្ទារនៅលើឆាកអន្តរជាតិ។ អ្វីដែលធ្វើឱ្យលោក សុធានី កាន់តែពេញចិត្តចំពោះនយោបាយដឹកនាំរបស់បក្សប្រជាជនកម្ពុជា កាន់តែ​ខ្លាំង​ថែមទៀតនោះ គឺនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការដឹក​ជញ្ជូន ជាពិសេសគម្រោង «ព្រែកជីហ្វូនណន-តេជោ» តភ្ជាប់ការដឹកជញ្ជូន​ពី​ទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា។

លោក សុធានី ក៏ចាប់អារម្មណ៍ចំពោះគោលនយោបាយរបស់គណបក្ស​ប្រជា​ជន​​កម្ពុជា ដែលបានដាក់ចេញសម្រាប់ការដឹកនាំប្រទេសក្នុងអាណត្តិថ្មី។ ជា​ពិសេសនោះ គឺការធ្វើសកម្មភាពជាក់ស្តែង នាំមកនូវសមិទ្ធផលជាក់ស្តែង ពោលមិនមែនជាការសន្យាឱ្យរួចតែពីមាត់នោះឡើយ។

យុវជនខ្មែរក្រោមម្នាក់ទៀត ដែលកំពុងសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រ​នយោ​បាយនៅប្រទេសរុស្ស៉ី ក៏បានបង្ហាញការពេញចិត្តចំពោះការដឹកនាំរបស់​រាជ​រដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជានាអាណត្តិទី៦កន្លងទៅ​ផង​ដែរ។

យុវជន ថាច់ វណ្ណា ជាកូនខ្មែរក្រោមកើតនៅក្នុងខេត្តឃ្លាំង ហើយបានឡើងមក​បន្តការសិក្សារៀនសូត្រនៅកម្ពុជាកាលពីឆ្នាំ២០១៣។ វណ្ណា មិនបានបង្ហាញ​ថា ខ្លួនជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានោះឡើយ ប៉ុន្តែយុវជនខ្មែរក្រោម​រូបនេះ បានបង្ហាញការពេញចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុង​អាណត្តិ​ទី៦លើកិច្ចការសំខាន់ៗចំនួន៣ រួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺ​កូវីដ​១៩ ការធ្វើជាប្រធានអាស៊ាន និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា។

យុវជនខ្មែរក្រោម ថាច់ វណ្ណា បានចាត់ទុកសមិទ្ធផលទាំង៣នេះ បាន​បង្ហាញ​ឱ្យឃើញយ៉ាងច្បាស់ពីសមត្ថភាពដឹកនាំរបស់រាជរដ្ឋាភិបាលដែលប្រសូត្រចេញពីបក្សប្រជាជនកម្ពុជា ក្រោមការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋកាលពីឆ្នាំ​២០១៨នោះ។

ទន្ទឹមនឹងការបង្ហាញមនោសញ្ចេតនា ក៏ដូចជាសមានចិត្តល្អជាមួយគណ​បក្ស​​ប្រជាជន​កម្ពុជាហើយនោះ យុវជនខ្មែរក្រោមទាំងពីររូបនេះ ក៏បានបង្ហាញពី​បំណងចង់ឃើញរាជរដ្ឋាភិបាលអាណត្តិថ្មីយកចិត្តទុកដាក់ចំពោះសហគមន៍ខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជាផងដែរ។ បំណងរបស់យុវជនទាំងពីរនេះ គឺ​មិនខុសគ្នានោះទេ គឺចង់ឃើញការជួយសម្រួលនូវលិខិតស្នាមផ្សេងៗ ដើម្បី​ឱ្យខ្មែរក្រោមអាចរស់នៅដោយស្របច្បាប់ និងអាចយកលិខិតស្នាមគតិយុត្តិ​ផ្សេងៗនោះ ទៅបម្រើដល់ការសិក្សារៀនសូត្រ៕