(កំពង់ស្ពឺ)៖ ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាន់តែខិតជិតមកដល់ លោក ហ៊ុន ម៉ានី អនុប្រធានទី០១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះជួបសំណេះសំណាលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសរុបប្រមាណជាង ៩០០នាក់ នៅក្នុងសង្កាត់វាំងចាស់ និងសង្កាត់ព្រះស្រែ ស្រុកឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ក្នុងន័យនេះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ក្នុងនាមគណបក្សប្រជាជនកម្ពុជាថា ស្មារតីជារួមរបស់គណបក្សប្រជាជនកម្ពុជា គឺបេសកកម្មបម្រើជាតិមាតុភូមិជាការងារអាទិភាព ដែលត្រូវយកចិត្តទុកដាក់មុនតួនាទី។

ក្នុងជំនួបព្រឹកនេះ លោក ហ៊ុន ម៉ានី បានធ្វើការរំលឹកអំពីមូលដ្ឋាននៃការរៀនសូត្រការងារ និងការអភិវឌ្ឍដែលបានចាប់ផ្ដើមលើទឹកដីខេត្តកំពង់ស្ពឺនេះ។ ជាការអនុវត្តការងារកន្លងមកក្រោមការដឹកនាំរបស់គណបក្សប្រជាជន ថ្នាក់ដឹកនាំ រួមទាំងក្រុមការងារ បានខិតខំបំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវ ដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានដល់ឃុំ សង្កាត់ ក្នុងខេត្តកំពង់ស្ពឺផ្ទាល់ ក៏ដូចជាសកម្មភាពដែលបម្រើជាឧត្តមប្រយោជន៍ជូនប្រទេសជាតិយើងទាំងមូល។

ក្នុងឱកាសនេះ លោកក៏បានបញ្ជាក់បន្ថែមថា បរិយាកាសវិនិយោគ ដែលបានផ្ដល់កិច្ចអភិវឌ្ឍលើគ្រប់វិស័យ និងអត្ថប្រយោជន៍ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ គឺបានមកពីបេសកកម្ម និងកម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តផ្ដល់ទំនុកចិត្ត ចូលរួមក្នុងជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជាជាបន្តទៀត និងអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនទាំងអស់គ្នានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

សូមជម្រាបថា ពិធីសំណេះសំណាល ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃទី១៩នេះ បានប្រព្រឹត្តទៅក្រោមបរិយាសដ៏ស្និទ្ធស្នាលជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងពីរសង្កាត់ បានសម្ដែងនូវទឹកចិត្តមុះមុត ក្នុងការគាំទ្រ ដើម្បីជំរុញភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជា ក្នុងដំណាក់កាលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕