(ភ្នំពេញ)៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ស.ន.ក.ច) នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានប្រារព្វពិធីប្រគល់រង្វាន់ជ័យលាភីក្នុងការប្រកួតវីដេអូ VLOG លើកទី១ ដើម្បីអប់រំខួប៦៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ជូនបេក្ខភាពជ័យលាភីដោយផ្ទាល់នៅរាជធានីភ្នំពេញ ដែលបានចូលរួមប្រកួតប្រជែង ក្នុងការធ្វើវីដេអូក្រោមប្រធានបទ៖ «ជីវិតនៅក្នុងសាកលវិទ្យាល័យ» ដែលកម្មវិធីប្រកួតបានរៀបចំឡើងកាលពីថ្ងៃទី៣១ ខែឧសភា រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ អំឡុងពេលដែលបេក្ខជន ដែលជានិស្សិតកំពុងសិក្សានៅប្រទេសចិន។

ក្នុងពិធីនេះ ក៏មានវត្តមានចូលរួមពីសំណាក់ ថ្នាក់ដឹកនាំសមាគមនិស្សិត មានលោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ស.ន.ក.ច និងជាជំនួយការសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា, កញ្ញា ហោ រស្មី ប្រធានសមាគម (អាណត្តិទី៥ និងទី៦) និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃ ស.ន.ក.ច, លោក ញិល សូវៀត អនុប្រធានក្រុមប្រឹក្សាភិបាលនៃ ស.ន.ក.ច និងជាជំនួយការសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា, លោក ហុង ហេងទ្រី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ ស.ន.ក.ច, លោកជំទាវ ម៉ម ពេជ្ររស្មី ទីប្រឹក្សានៃ ស.ន.ក.ច និងជាជំនួយការសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ក្រុមការងារនិស្សិតតាមបណ្តាខេត្តក្រុងនីមួយៗនៅក្នុងប្រទេសចិនជាច្រើនរូប និងបេក្ខភាពជ័យលាភី ដែលជានិស្សិតកំពុងសិក្សានៅក្នុងប្រទេសចិនចំនួន ១៤ខេត្តក្រុង ទាំងអស់២០ក្រុម សរុប៦៥ រូប និង២០វីដេអូ ដែលសុទ្ធសឹងជាស្នាដៃល្អៗ និងឆ្នើមៗ។

ប្រាក់រង្វាន់សម្រាប់ជ័យលាភីនីមួយៗសម្រាប់ការប្រកួត VLOG លើកទី១នេះ រួមមាន៖
* ចំណាត់ថ្នាក់ពិសេស ទទួលបាន ១០០០យ័ន (មួយរង្វាន់)
* ចំណាត់ថ្នាក់លេខ១ ទទួលបាន ១០០០យ័ន (មួយរង្វាន់)
* ចំណាត់ថ្នាក់លេខ២ ទទួលបាន ៧០០យ័ន (ពីររង្វាន់)
* ចំណាត់ថ្នាក់លេខ៣ ទទួលបាន ៥០០យ័ន (បីរង្វាន់)
* រង្វាន់លើកទឹកចិត្ត ទទួលបាន ៣០០យ័ន (ដប់បីរង្វាន់) ព្រមទាំងមានការចែកជូននូវវិញ្ញាបនបត្រ បញ្ជាក់ពីការចូលរួមផងដែរ។

បេក្ខជន និងបេក្ខនារីដែលបានចូលរួមកម្មវិធីនេះ មានសេចក្តីរីករាយនិងត្រេកអរយ៉ាងខ្លាំង ហើយថែមទាំងសំណូមពរ ចង់ឲ្យសមាគមនិស្សិតបង្កើតកម្មវិធីនេះ ឡើងទៀតនៅឆ្នាំក្រោយៗ។

កញ្ញា ហោ រស្មី ប្រធានសមាគមនិស្សិតបានលើកឡើងថា គោលបំណងនៃការរៀបចំការប្រកួតនេះ ឡើងដើម្បីអបអរសាទរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន និងផ្តល់ឱកាសជូននិស្សិត បញ្ចេញស្នាដៃ ភាពក្លាហានក្នុងការប្រកួតប្រជែង ជាពិសេស បង្ហាញទិដ្ឋភាពជាកស្តែង អំពីជីវិតជានិស្សិត ដោយផ្តោតលើការសិក្សា និងរស់នៅនៅប្រទេសចិនរបស់ពួកគាត់ ជូនបងប្អូនយុវជននៅក្នុងស្រុក ដែលបំណងបន្តការសិក្សានៅប្រទេសចិន ព្រមទាំងបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីភាពរីកចម្រើន ជឿនលឿនរបស់ប្រទេសចិនផងដែរ។

កញ្ញាប្រធានបានបន្ថែមថា កម្រងវីដេអូទាំងអស់នេះ បាននិងកំពុងចាក់ផ្សាយជូនសិស្ស និស្សិត តាមរយៈការសិក្ខាសាលាផ្សព្វផ្សាយ អាហារូបករណ៍ទៅបន្តសិក្សានៅប្រទេសចិន ទូទាំងប្រទេសកម្ពុជា ក្រោមជំនួយរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងកម្មវិធីនេះដែរ ក៏មានការប្រគល់វិញ្ញាបនបត្រជូនក្រុមការងារនិស្សិតកម្ពុជាប្រចាំខេត្តក្រុង ក្នុងប្រទេសចិន ប្រចាំអាណត្តិទី៥ និងទី៦។ ទន្ទឹមនឹងនេះ សមាគមក៏មានការរៀបចំអាហារសាមគ្គី ដើម្បីអបអរសាទរខួបលើកទី៦ នៃការបង្កើតសមាគមនិស្សិតផងដែរ។ ឆ្លៀតក្នុងឱកាសនេះ សូមបញ្ជាក់ថា សមាគមនិសិ្យត ACSC (Association of Cambodian Student in China)ត្រូវបានបង្កើតឡើងចាប់តាំងពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧។ បច្ចុប្បន្ននេះ សមាគមនិស្សិតមានសមាជិកសរុបប្រមាណ១២០០នាក់ ដែលកំពុងសិក្សានៅ ២៧ខេត្តក្រុងទូទាំងប្រទេសចិន។
សមាគមបង្កើតឡើងក្នុងគោលបំណងជួយសម្របសម្រួលបញ្ហាការសិក្សា និងការរស់នៅរបស់បងប្អននិស្សិតកម្ពុជា ដែលសិក្សានៅប្រទេសចិន ព្រមទាំងព្យាយាមផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរទៅកាន់ពិភពលោក និងជាពិសេសគឺស្វែងរកអាហារូបករណ៍ជូនសិស្ស និស្សិតនៅកម្ពុជា ដើម្បីបង្កើនចំនួននិស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិន និងឱកាសការងារជូនបងប្អូននិស្សិតដែលបានបញ្ចប់ការសិក្សាពីប្រទេសចិន៕