(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជាអភិវឌ្ឍន៍ និងរីកចម្រើនស្ទើរគ្រប់វិស័យ ដែលវិស័យទាំងនោះកំពុងមានវឌ្ឍនភាពរីកចម្រើន ស្មើមុខស្មើមាត់ លើឆាកអន្តរជាតិ ហើយក្នុងនោះវិស័យអប់រំរបស់កម្ពុជាបាននិងកំពុងវិវឌ្ឍទៅមុខយ៉ាងលឿន មិនចាញ់ប្រទេសនានា លើពិភពលោកឡើយ ជាក់ស្តែងសិស្សឆ្នើមកម្ពុជាចំនួន៣រូបទៀតហើយ បានឈ្នះមេដាយមាស ពីការប្រឡងគណិតវិទ្យាអន្តរជាតិពិភពលោក (Copernicus Olympiad) នៅសហរដ្ឋអាមេរិក ខណៈដែលមេដាយប្រាក់ និងសំរឹទ្ធទទួលជិត ៣០គ្រឿង។
ការប្រកួត Copernicus Olympiad ត្រូវបានធ្វើឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩-១៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេក្ខជនសរុបប្រមាណ ៥០០នាក់ មកពីប្រទេសចំនួន ២៣ប្រទេស ដែលបានធ្វើឡើងនៅសាកលវិទ្យាល័យ Columbia University ទីក្រុង New York សហរដ្ឋអាមេរិក។
លើកឡើងនាឱកាសនាំយកមកនូវភាពជោគជ័យ ដែលបានទទួលមេដាយមាស ជូនមាតាបិតា ក៏ដូចជាជូនជាតិមាតុភូមិ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ សិស្សឆ្នើមដណ្តើមបានមេដាយមាស ម៉េង ឡាយស៊ុន បានឱ្យដឹងថា ដើម្បីឱ្យយើងអាចទទួលបានមេដាយ នៅក្រៅប្រទេសនេះ មុនដំបូងយើងត្រូវតែវាស់ស្ទង់សមត្ថភាពរបស់ខ្លួន ក្នុងការធ្វើលំហាត់ ត្រូវពង្រឹងសមត្ថភាពក្នុងការដោះស្រាយលំហាត់ និងធ្វើការស្រាវជ្រាវឱ្យបានច្រើន ទើបអាចមានឱកាសដណ្តើមបានមេដាយ នៅលើឆាកអន្តរជាតិបាន។
សិស្សឆ្នើម ម៉េង ឡាយស៊ុន ក៏បានបញ្ជាក់ដែរថា «ខ្ញុំមានមោទនភាពណាស់ ដែលបានកើតមកជាកូនខ្មែរ ហើយបានទទួលមេដាយលើឆាកអន្តរជាតិ ហើយបានតំណាងឱ្យប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ដើម្បីឱ្យគេបានស្គាល់ពីសមត្ថភាពកូនសិស្សខ្មែរ និងបានប្តេជ្ញានឹងបន្តទៅប្រកួតប្រជែងដណ្តើមយកមេដាយ និងរង្វាន់ឱ្យបានកាន់តែច្រើនសម្រាប់ ជូនដល់ប្រទេសជាតិផងដែរ»។
ដោយឡែកសិស្សឆ្នើម ម៉េង គុណលី បានឱ្យដឹងដែរថា មុននឹងឈានទៅប្រកួតប្រជែង និងដណ្តើមបានមេដាយមាសនេះ គឺគេបានប្រឹងប្រែងរៀនបំប៉នបន្ថែមជាមួយលោកគ្រូ អ្នកគ្រូ និងបានធ្វើលំហាត់ឱ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យបានកាន់តែពូកែ។ ជាមួយនឹងការទទួលបានមេដាយមាសនេះ សិស្សឆ្នើម ម៉េង គុណលី បានបញ្ជាក់ដែរថា រូបគេពិតជារីករាយ ដែលអាចដណ្តើមបានមេដាយមាសនេះ ហើយនៅពេលខាងមុខនឹងបន្តទៅធ្វើការប្រកួត នៅប្រទេសអង់គ្លេសបន្តទៀត នឹងបានប្តេជ្ញាដណ្តើមយកមេដាយមាសបន្ថែមទៀតផងដែរ។
លោកស្រី កែវ មុំ ម្តាយរបស់សិស្សឆ្នើម ម៉េង ឡាយស៊ុន និង ម៉េង គុណលី បានឱ្យដឹងដែរថា គិតដល់ដល់ពេលនេះវិស័យអប់រំនៅកម្ពុជា គឺពិតជាមានការរីកចំរើនខ្លាំងជាងមុនច្រើន ដោយបច្ចុប្បន្ននេះមានកូនខ្មែរ អាចមានសមត្ថភាពទៅធ្វើការប្រកួតប្រជែងនៅបរទេស និងអាចដណ្តើមបានមេដាយមាសជូនប្រទេសជាតិផងដែរ។
លោកស្រីក៏បានថ្លែងអរគុណសន្តិភាព និងអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានដឹកនាំប្រទេសមានភាពរីកចំរើនលើគ្រប់វិស័យ ជាពិសេសលើវិស័យអប់រំផងដែរ។ បន្ថែមពីនេះលោកស្រី ក៏បានអរគុណដល់ក្រុមហ៊ុន Bright ដែលបានបង្កើតកម្មវិធីនេះឡើង ដើម្បីផ្តល់ឱកាសឱ្យកូនខ្មែរ អាចបញ្ចេញសមត្ថភាព លើឆាកអន្តរជាតិផងដែរ។
លោក ឯល ណូរី ជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Bright Education Consultant and Travel.Co,Ltd ការប្រឡងគណិតវិទ្យាលំដាប់ពិភពលោក នៅសហរដ្ឋអាមេរិក លើកនេះ កូនខ្មែរគឺពិតជាបានជួយលើកមុខមាត់ប្រទេសជាតិជាខ្លាំង ដោយសារ ក្នុងចំណោមកូនសិស្ស៥៤០នាក់ មកពី២៣ប្រទេស ខុសៗ គ្នា មានកូនសិស្សខ្មែរ ៣នាក់ បានដណ្តើមយកមេដាយមាស និងមានមេដាយប្រាក់ចំនួន ៤ និងមេដាយសំរឹទ្ធចំនួន ២៣ គ្រឿង ដើម្បីមកជូនជាតិមាតុភូមិវិញ ហើយសមត្ថភាពរបស់កូនខ្មែរគឺស្ថិតនៅក្នុងលំដាប់អន្តរជាតិរួចហើយផងដែរ៕