(ភ្នំពេញ)៖ តាមរយៈបទសម្ភាសមួយ ប្រជាពលរដ្ឋកម្ពុជា បានបង្ហាញការយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃសន្តិភាព ដែលកម្ពុជារកបានដោយកម្រ ជាពិសេសក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។

លោក វ៉ន គង់ ប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ បានលើកឡើងថា អរគុណហើយសន្តិភាព អរគុណសម្តេចតេជោ ដែលជួយឲ្យប្រទេសមានសន្តិភាពពេញលេញ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។ ដោយសារសន្តិភាព ការរីកចម្រើនរបស់កម្ពុជា ប្រៀបបាននឹងផ្សិតដុះអញ្ចឹង។

លោក វ៉ន គង់ បានថ្លែងថា ឥលូវនេះ ប្រជាពលរដ្ឋចង់ទៅណាក៏លឿន ដោយសារមានផ្លូវល្អ ឈឺថ្កាត់ពេលយប់ព្រលប់ ក៏មិនព្រួយបារម្ភ ដោយសារមានមន្ទីរពេទ្យនៅជិត។ ជាមួយគ្នានេះ កម្ពុជាក៏គ្មានស្នូរគ្រាប់កាំភ្លៀងដូចអតីតកាលដែរ។

បន្ថែមលើនេះ លោក វិត សុខគី ប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំម្នាក់ទៀត បាននិយាយថា យើងរស់នៅបានសព្វថ្ងៃក៏ដោយសារសន្តិភាពដែរ អញ្ចឹងតម្លៃសន្តិភាព លើសពីអ្វីៗទាំងអស់ និងមិនអាចប្រៀបបាន។ លោកបានបន្ទោសទៅអ្នកខ្លះ ដែលមិនយល់ពីតម្លៃពីសន្តិភាពកម្ពុជា បែរជាប្រៀបធៀបនឹងប្រទេសជិតខាងទៅវិញ។

ក្នុងវីដេអូនេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាថា នឹងមិនធ្វើឲ្យប្រជាពលរដ្ឋខកចិត្ត ដែលបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា បោះឆ្នោតឲ្យសម្តេចតេជោ ខកចិត្តនោះទេ។ សម្តេបន្តថា ក៏នឹងមិនធ្វើឲ្យព្រះមហាក្សត្រ ដែលប្រទានគោរមងារ «តេជោ» ដល់សម្តេច ឲ្យទ្រង់ខកព្រះទ័យដែរ ក្រោយសម្តេចខិតខំរកសន្តិភាព។ សម្តេចតេជោ ស្នើសូមឲ្យបន្តបន្តរក្សាសន្តិភាពនេះ ដើម្បីបន្តការអភិវឌ្ឍ៕