(កំពង់ស្ពឺ)៖ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅសង្កាត់វាំងចាស់ និងសង្កាត់ព្រះស្រែ ស្រុកឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានលើកឡើងថា «តាមរយៈសមិទ្ធិផលដែលរដ្ឋាភិបាលបានកសាង ជាសច្ចភាពបង្ហាញថា គណបក្សប្រជាជនកម្ពុជា មានគុណសម្បត្តិគ្រប់គ្រាន់ និងពិតជាសក្ដិសមបំផុត ក្នុងការដឹកនាំប្រទេស»

ការអះអាងបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា នៅសង្កាត់វាំងចាស់ និងសង្កាត់ព្រះស្រែ ស្រុកឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ អ្នកមីង ឡាយ ទឹម ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមួយរូប បានថ្លែងថា៖ «ប្រជាពលរដ្ឋពិតជាបានឃើញជាក់ស្ដែង នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ក្នុងការនាំមកនូវសុខសន្តិភាព ដែលជាបុរេលក្ខខណ្ឌដើម្បីធានាឱ្យមានការរីកចម្រើន និងការធានាបាននូវភាពរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរ រួមទាំងសុខដុមរមនា ស្របទៅតាមការចង់បានរបស់ប្រជាជនគ្រប់ៗគ្នា»

អ្នកមីងបានបន្តថា ដោយផ្អែកលើមូលដ្ឋាននេះហើយ ទើបប្រជាពលរដ្ឋ នៅតែបន្តផ្ដល់ជំនឿចិត្តចិត្ត និងផ្ញើជោគវាសនាប្រទេសលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ប្រជាពលដ្ឋមួយរូបទៀត ក្នុងសង្កាត់វាំងចាស់ អ៊ំស្រី កុយ សុខន បានលើកឡើងថា «គណបក្សប្រជាជន អាចឈរជើងដឹកនាំប្រទេសរាប់សិបឆ្នាំកន្លងមកនេះ មិនមែនជាការចៃដន្យនោះទេ។ កន្លងមក ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជាបានកសាងទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋឱ្យជឿជាក់ និងបន្តការគាំទ្រ តាមរយៈការយកចិត្តទុកដាក់ យល់ទុក្ខធុរៈគ្រប់កាលៈទេសៈប្រៀបដូចជាឱពុកម្ដាយ។ ដូចនេះតាមរយៈសមិទ្ធិផលដែលរដ្ឋាភិបាល បានកសាង ជាសច្ចភាពដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា មានគុណសម្បត្តិគ្រប់គ្រាន់ និងពិតជាសក្ដិសមបំផុត ក្នុងការដឹកនាំប្រទេស»

សូមជម្រាបថា ពិធីជួបសំណេះសំណាលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅសង្កាត់វាំងចាស់ និងសង្កាត់ព្រះស្រែ នាឱកាសនេះ ក៏មានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសរុបប្រមាណជាង៩០០នាក់៕