(ព្រះសីហនុ)៖ បងប្អូនប្រជាពលរដ្ឋជាង២០០គ្រួសារ ដែលភាគច្រើនកម្មករកម្មការិនីរោងចក្រ រស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្នើសុំទៅថ្នាក់ដឹកនាំអាជ្ញាធរស្រុកព្រៃនប់ ជាពិសេសលោក សាយ សំអាល់ ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ និងអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ជួយអន្តរាគមន៍ បើកច្រកចេញចូលតំបន់សេដ្ឋកិច្ចពិសេស តភ្ជាប់ជាមួយផ្លូវក្នុងភូមិដែលមានស្រាប់ ដើម្បីសម្រួលដល់ការ ធ្វើដំណើររបស់ពលរដ្ឋចេញចូល និងងាយស្រួលដល់ការដឹកកសិផលនិងទំនិញផ្សេងៗ។
លោក យុន រតនា តំណាងប្រជាពលរដ្ឋ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២៣ថា ការដាក់ពាក្យសុំអន្តរាគមន៍នេះ បើគិតមកដល់ពេលនេះមានរយៈពេលជាង ៣ឆ្នាំមកហើយ ប៉ុន្តែនៅមិនទាន់មានដំណឹងល្អណាមួយនៅឡើយ។
លោកបន្តថា «កម្មករកម្មការិនីនៅតំបន់ភូមិពូធឿង ជាតំបន់នៅជាប់របងរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ហើយក៏ជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនផងដែរ។ ប្រជាពលរដ្ឋរស់នៅតំបន់នេះភាគច្រើន បំរើការងារជាកម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេសតែម្តង។ ជារៀងរាល់ថ្ងៃផ្លូវក្នុងភូមិតែងតែកកស្ទះចរាចរណ៍ ស្ទើគ្រប់ពេលវេលា និងបង្ករគ្រោះថ្នាក់ចរាចរណ៍ជាហូរហែ ជាពិសេសពេលដែលបងប្អូនកម្មករកម្មការិនីចេញ ទៅបម្រើការងារ និងពេលត្រឡប់មកពីការងារវិញ»។
ផ្តើមចេញពីបញ្ហារនេះបងប្អូនកម្មករកម្មការិនី និងប្រជាពលរដ្ឋរស់នៅភូមិពូធឿង ក៏បានដាក់សំណើសុំទៅថ្នាក់ដឹកនាំស្រុកព្រៃនប់ ឲ្យជួយអន្តរាគមន៍បើកផ្លូវចេញចូល ត្រង់ចំណុចក្បែរអគារស្នាក់នៅកម្មករកម្មការិនីក្នុងតំបន់សេដ្ឋកិច្ច ពិសេសដើម្បីផ្តល់ភាពងាយស្រូលចេញចូលទៅបម្រើការងារក្នុងរោងចក្រ និងបានជួយសម្រួលដល់បងប្អូនកម្មករកម្មការិនីមួយចំនួនធំ ដែលមិនមានមធ្យោបាយផ្ទាល់ខ្លួន អ្នកខ្លះជិះម៉ូតូឌុប និងអ្នកខ្លះទៀតធ្វើដំណើរដោយថ្មើជើង ហើយត្រូវធ្វើដំណើរវាងឆ្ងាយពីកន្លែងស្នាក់នៅទៅរោងចក្រ និងពីរោងចក្រមកកន្លែងស្នាក់នៅវិញផងដែរ។
លោក យុន រតនា បានបញ្ជាក់ទៀតថា បញ្ហានេះថ្នាក់ដឹកនាំអាជ្ញាធរស្រុកព្រៃនប់ រួមនិងមន្រ្តីជំនាញពាក់ព័ន្ធ ក៏បានយកចិត្តទុកដាក់បំផុតផងដែរ ក្នុងការចចាជាមួយភាគីរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ក្នុងរយពេលជាង ៣ឆ្នាំកន្លងមកនេះ ជាលទ្ធផលទទួលបានត្រឹមពាក្យថារង់ចាំមកដល់ថ្ងៃនេះថ្ងៃ។
ជុំវិញបញ្ហានេះ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការស្នើសុំបើកផ្លូវនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស នៅមិនទាន់សម្រេចនៅឡើយទេ។ លោកថា បញ្ហារនេះនាយកក្រុមហ៊ុននឹងបើកកិច្ចប្រជុំ ដើម្បីដាក់ការស្នើសុំទៅក្រុមប្រឹក្សាភិបាល ព្រោះវាពាក់ព័ន្ធសន្តិសុខ សុវត្ថិភាពក្នុងតំបន់រោងចក្រសេដ្ឋកិច្ចពិសេសទាំងមូល៕